(ព្រៃវែង)៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ នៅវេលាម៉ោង០៤:២០នាទី លើផ្លូវលំ ក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិថ្មី ឃុំសំរោង ស្រុកស្វាយអន្ទរ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និង ម៉ូតូ បណ្តាលឲ្យជនរងគ្រោះប្រុស ស្រី ចំនួន ៤នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងក្រោយបញ្ចូនទៅដល់មន្ទីរពេទ្យ។
គ្រោះថ្នាក់ខាងលើ បង្កឡើងដោយ រថយន្តម៉ាកហៃលិនឌ័រ ពណ៏ស ស្លាកលេខ ភ្នំពេញ 2AI 5605 បើកដោយឈ្មោះ ឆែម ខន ភេទ ប្រុស អាយុ ៣៨ឆ្នាំមានទីទំនៅ ភូមិតាគាត់ ឃុំសំរោង និងអ្នករួមដំណើរ ១នាក់ ឈ្មោះ ធឿន ប៊ន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា បើកបរពីទិសខាងត្បូង ទៅជើង (ស្របទិសគ្នា) បានបុកម៉ូតូ ចំពីក្រោយ រុញខ្ទាត ម៉ូតូម៉ាក ហុងដា C125 ពណ៏ខ្មៅ ស្លាកលេខ ភ្នំពេញ 1CX 8520 បើកដោយ
ឈ្មោះផាត ស្រស់ ភេទ ស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិសង្កែ ឃុំសំរោង (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរ ៣នាក់ រួមមាន៖
១. ឈ្មោះ ផាត ស្រី ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិសង្កែ ឃុំសំរោង (ស្លាប់នៅនឹងកន្លែងកើតហេតុ)
២. ឈ្មោះ ឯម ពៅ ភេទ ស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ស្លាប់កន្លែងកើតហេតុ)
៣. ឈ្មោះចាន់ ឧត្តម ភេទប្រុស អាយុ ៨ឆ្នាំ ភូមិព្រហូត ឃុំសំរោង (បញ្ចូនទៅដល់មន្ទីរពេទ្យ ស្វាយអន្ទរ បានស្លាប់)
គួរបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ចំនួន ៣នាក់ និងទៅដល់មន្ទីរពេទ្យ ១នាក់ សរុបចំនួន ៤នាក់។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលយើង បានចុះដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្ត និងអ្នករួមដំណើរ ០១នាក់។ បច្ចុប្បន្ន អ្នកបើកបររថយន្ត និងអ្នករួមដំណើរ ០១នាក់ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ស្រុកស្វាយអន្ទរ ដើម្បីដោះស្រាយ ទៅតាមនីតិវិធីច្បាប់ ចំណែកសាកសព សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍សំរោង៕
មតិយោបល់