ព័ត៌មានជាតិ

ជនសង្ស័យទទួលផលចោរកម្ម៣នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ​ឃាត់ខ្លួន​

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ចុះឃាត់ខ្លួនដល់ផ្ទះ ដោយជាប់ពាក់ព័ន្ធទទួលផលចោរកម្ម (ទិញម៉ាស៊ីនត្រជាក់ យ៉ាន់រថយន្ត និងកងបីពីចោរ)។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កាលពីម៉ោង១៤និង៣០នាទីនៅចំណុចផ្ទះល្វែងក្នុងបុរីពិភពថ្មីលេខ១៨១ ផ្លូវG ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ អៃ សារ៉ែន ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរទិញសម្ភារ:ពីចោរ ស្នាក់នៅក្នុងបុរីពិភពថ្មីលេខ១៨១ ផ្លូវG ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតែកែវ។ ទី២.ឈ្មោះ ជេត រ៉ានី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ជាប្រពន្ធជនសង្ស័យ ឈ្មោះអៃ សារ៉ែន។ ទី៣.ឈ្មោះ គុយ ឡយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់កង់រថយន្តស្នាក់នៅផ្ទះផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ចំណែកដើមបណ្តឹងឈ្មោះ ហៀប ហុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ១៤៨ ផ្លូវF ក្នុងបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ (បាត់ម៉ាស៊ីនត្រជាក់១ឈុត និងយ៉ាន់រថយន្តឡិចស៊ីស៤គ្រាប់)។

ដើមបណ្ដឹងបានរៀបប្រាប់ថា កាលពីថ្ងៃទី១១ វិច្ឆិកា ២០១៦ គាត់បាននាំក្រុមគ្រួសារទៅលេងស្រុក ស្រាប់តែឪពុកគាត់បានទូរសព្ទប្រាប់ថា មានចោរឡើងលួចសម្ភារ:ដែលទុកលើដំបូលផ្ទះ ក្នុងនោះមានម៉ាស៊ីនត្រជាក់មួយឈុត និងយ៉ាន់រថយន្តឡិចស៊ីស៤គ្រាប់បាត់ហើយ ពេលបាត់នោះមិនបានប្តឹងសមត្ថកិច្ចទេ។

គាត់បន្តថា លុះដល់ថ្ងៃទី២៦ ខែវិច្ឆិកា ២០១៦ រថយន្តគាត់បានបែកកង់ហើយគាត់បានចូលទៅប៉ះនៅផ្ទះរបស់ជនសង្ស័យឈ្មោះ គុយ ឡយ ស្រាប់តែឃើញយ៉ាន់រថយន្តគាត់ដែលបាត់ពេលនោះ គាត់ក៏សួរនាំ ត្រូវបានជនសង្ស័យប្រាប់ថា របស់នេះគាត់បានទិញពីបុរសម្នាក់ទៀត។

គាត់បន្តទៀតថា ក្រោយពីឃើញយ៉ាន់រថយន្តខាងលើហើយ គាត់ក៏ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យនាំខ្លួនឈ្មោះ គុយ ឡយ ទៅរកអ្នកលក់ដល់ផ្ទះនៅចំណុចខាងលើ ពេលកម្លាំងសមត្ថកិច្ចទៅដល់បានជួបជនសង្ស័យជាប្តីប្រពន្ធ និងបានឃើញម៉ាស៊ីនត្រជាក់របស់គាត់១ឈុតទៀត ដែលបាត់នោះនៅក្នុងផ្ទះជនសង្ស័យ ហើយក៏សមត្ថកិច្ចឃាត់ប្តីប្រពន្ធខាងលើយកមកសាកសួរនៅខណ្ឌតែម្តង។

នៅចំពោះមុខសមត្ថកិច្ចប្តីប្រពន្ធខាងលើបានសារភាពថា សម្ភារ:នេះខ្លួនបានទទួលទិញបន្តពីបុរស២នាក់មិស្គាល់ឈ្មោះ ដែលយកមកលក់ឲ្យដល់ផ្ទះនិងបែកធ្លាយរឿងធ្លាប់ទិញរ៉ឺម៉កម៉ូតូចំនួន៥គ្រឿងពីបុរសទាំង២នាក់ទៀតផង ដែលលួចបានហើយយកមកលក់ឲ្យគាត់។

ដោយមានចម្លើយសារភាពគ្រប់គ្រាន់ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ ដោយឡែកជនសង្ស័យ២នាក់ទៀត កម្លាំងសមត្ថកិច្ចនិងបន្តស្រាវជ្រាវចាប់ខ្លួនពេលក្រោយ៕

photo_2016-11-29_10-26-53

photo_2016-11-29_10-26-51

photo_2016-11-29_10-26-52

មតិយោបល់