ព័ត៌មានជាតិ

លទ្ធផលជិះម៉ូតូលឿននិងបង្ហោះម៉ូតូ ដេកស្តូកអ៊ីចឹង!

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូជិះលឿនបុកជាមួយម៉ូតូកង់បីកំពុងបត់ បណ្តាលឲ្យមានមនុស្ស២នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ គីន សុនេត ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សេង លីហាក់ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង២នាក់ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកបើកបរម៉ូតូកង់បី ឈ្មោះប្រាក់ ប៊ុនអឿន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិតាទុង សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូកង់បីធ្វើដំណើរក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូឌុបគ្នា២នាក់ បានបើកពីក្រោយក្នុងល្បឿនលឿន ពេលនោះម៉ូតូកង់បីបានបត់ឆ្វេង ក៏បុកពេញមួយទំហឹងបណ្តាលអ្នកបើកម៉ូតូឌុបគ្នា២នាក់ រងរបួសធ្ងន់ បាក់ដៃនិងជើងទាំង២នាក់ ត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកទៅ សង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណភ្លាមៗ។ ចំណែកអ្នកបើកម៉ូតូកង់បីរងរបួសស្រាល។ ក្រោយកើតហេតុភាគីកង់បី ព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលចរាចរណ៍ចាប់បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍។

សូមបញ្ជាក់ថា ឈ្មោះគីន សុនេត និង សេង លីហាក់ គឺជាក្មេងដែលបង្ហោះម៉ូតូ សមត្ថកិច្ចតាមប្រម៉ាញ់ដេញតាមចាប់ជាច្រើនលើក ដើម្បីយកមកធ្វើការអប់រំ តែពួកគេបើកម៉ូតូលឿនៗសមត្ថកិច្ចមិនអាចដេញតាមចាប់បាន។

ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានដឹកយកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ៕

មតិយោបល់