ព័ត៌មានជាតិ

Update៖ ឃាតកម្មដ៏សាហាវ ប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់ខ្លួនឯងតាមក្រោយ ដោយសារតែភ្លើងប្រច័ណ្ឌ..

កំពង់ធំៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលមានករណីប្តី បានយកអាវុធម៉ាក វុលរ៉ូវែ ចំនួន៥គ្រាប់ ដែលកាំភ្លើងត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា អាចលាក់ទុកកាលពីសម័យធ្វើជាទាហាន កាលពីនៅខេត្តព្រះវិហារ យកមកបាញ់សម្លាប់ប្រពន្ធបណ្តាលឲ្យស្លាប់ រួចបាញ់ខ្លួនឯងស្លាប់តាមក្រោយ ព្រោះតែភ្លើងប្រច័ណ្ឌដែលតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់កន្លងមក។

ករណីឃាតកម្មបាញ់សម្លាប់គ្នាទាំង២នាក់ប្តីប្រពន្ធខាងលើនេះ កើតឡើងនៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា សពប្តីមានឈ្មោះ ហេង សុវណ្ណរា ហៅខ្លឹង អាយុ៤៧ឆ្នាំ បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយចំសៀតផ្កា បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធឈ្មោះ ស៊ុន ពៅ អាយុ៣៧ឆ្នាំ ចំឆ្អឹងខ្នង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យនិងធ្វើកោលស្យវិច័យដល់កន្លែងកើតហេតុ បានឲ្យដឹងថា ការស្លាប់របស់ប្តីប្រពន្ធខាងលើ គឺបណ្តាលមកពីភ្លើងប្រច័ណ្ឌដែលប្តីកើតមានការប្រច័ណ្ឌទៅលើប្រពន្ធ រួចឈានទៅដល់ការបាញ់សម្លាប់ប្រពន្ធនិងខ្លួនឯងបែបនេះតែម្តង ហើយបច្ចុប្បន្នសពខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់