ភ្នំពេញៈ យុវជនម្នាក់បានជិះម៉ូតូហុងដាឌ្រីមសង់ចេញពីដេកផ្ទះសង្សារបំណងទៅបន្ទប់ជួលខ្លួនវិញក៏ត្រូវជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង មកវាយប្លន់យកម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍វាយប្លន់យកម៉ូតូនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខម៉ាស្ទ័រស៊ុបគីស៊ុប (អតីតរោងកុនបូកគោ) តាមផ្លូវលេខ៩៥ កែងផ្លូវម៉ៅសេទុង សង្កាត់បឹកកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ រុណ រ័ត្ននី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្ទ័រស៊ុបគីស៊ុប ស្នាក់នៅបន្ទប់ផ្ទះជួលម្ដុំស្ទឹងមានជ័យ ជិះម៉ូតូម៉ាកហុងដា ឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តមានជ័យ 1D-3069 ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូចេញពីបន្ទប់ជួលរបស់សង្សារដែលនៅក្បែរកន្លែងកើតហេតុដែរ បំណងត្រឡប់ទៅបន្ទប់ជួលរបស់ខ្លួន នៅម្តុំស្ទឹងមានជ័យវិញ ដោយធ្វើដំណើរតាមផ្លូវលេខ៩៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ មានគ្នា៤នាក់ វ័យស្ទាវៗ ជិះម៉ូតូ២គ្រឿង (មិនចាំស្លាកលេខ) មកពីក្រោយ ហើយបានជិះមកស្ទាក់មុខ រួចស្ទុះមកវាយរូបគាត់មួយដៃ ធ្វើឲ្យគាត់ភ័យ រត់ចុះចោលម៉ូតូ ភ្លាមនោះជនសង្ស័យម្នាក់បានចុះមកលើកម៉ូតូរបស់ខ្លួនជិះយកចេញទៅបាត់ស្រមោល មិនរំខានដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកង៣ ចេញអន្តរាគមន៍ឡើយ។ ស្របពេលថ្មីៗនេះ អភិបាលរាជធានីភ្នំពេញ ទើបដាក់ចេញបទបញ្ជាឲ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង១០៥ និងអធិការខណ្ឌទាំង១២ ត្រូវមានអ្នកប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដូចសាលាសង្កាត់តែម្តង ដើម្បីរង់ចាំទទួលពាក្យបណ្តឹង និងត្រៀមលក្ខណៈអន្តរាគមន៍បានទាន់ពេល ជុំវិញបញ្ហាសន្តិសុខ និងបម្រើការងារជូនប្រជាពលរដ្ឋ នៅពេលពួកគាត់ត្រូវការបន្ទាន់ ។
ផ្ទុយទៅវិញក្រោយពេលកើតហេតុអស់រយៈពេលជាងកន្លះម៉ោងទៅហើយ នៅមិនទាន់ឃើញសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុទៀត ទើបក្រុមអ្នកសាព័ត៌មាន ដឹកជនរងគ្រោះជូនទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹកកេងកងទី៣ ដើម្បីដាក់ពាក្យបណ្តឹង ៕
មតិយោបល់