ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយ ដោយសារតែមានម៉ូតូ Nex មួយគ្រឿង បានឆាបឆេះយ៉ាង បន្ទាប់ពីកំពុងបើកបរតែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង ខណៈដែលផ្លូវកោង និងធ្វើដំណើរក្នុងល្បឿនលឿនពេក ស្រាប់តែរអិលដួលដោយខ្លួនឯង បណ្ដាលឲ្យម៉ូតូអូសជាង១០ម៉ែត្រ បែកផ្កាភ្លើងឆាបឆេះឡើងតែម្ដង រីឯអ្នកបើកបម៉ូតូបានសន្លប់ស្ដូកស្ដឹងផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង០១នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខសាលារៀនចាក់អង្រែក្រោម តាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ដែលជាអ្នកឃើញហេតុការណ៍នោះដោយចៃដន្យ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុបន្តិច គាត់បានឃើញម៉ូតូ Nex មួយគ្រឿង ពណ៌ស (មិនចាំស្លាកលេខ) បើកបរដោយយុវជនម្នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ខណៈដែលធ្វើដំណើរក្នុងល្បឿនលឿនពេក ស្រាប់តែរអិលដួលដោយខ្លួនឯង អូសជាង១០ម៉ែត្រ បែកផ្កាភ្លើងឆាបឆេះឡើងតែម្ដង។ ចំណែកឯយុវជនដែលជាអ្នកបើកបម៉ូតូ បានសន្លប់ស្ដូកស្ដឹងផងដែរ ។
ភ្លាមនោះក៏ឃើញមានកម្លាំងប៉ូលិសដែលកំពុងល្បាតបានមកដល់កន្លែងកើតហេតុដែរ ទើបនាំគ្នាចុះមកបាច់ទឹកភ្លៀងដែលដក់នៅក្បែរនោះដើម្បីជួយពន្លត់ បានទាន់ពេលវេលាផងដែរ ដោយខូចខាតឆេះរោលបន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯយុវជនដែលជាអ្នកបើកបម៉ូតូ ដែលសន្លប់នោះ បានងើបដឹងខ្លួនហើយដោយគ្រាន់តែរងរបួសរលោតដៃរលោតជើងប៉ុណ្ណោះ។
ក្រោយពេលកើតហេតុយុវជនរងគ្រោះបានទាក់ទងទៅមិត្តភក្តិឲ្យមកដឹកយកទៅគ្លីនិកឯកជនដើម្បីលាងរបួស និងម៉ូតូយកទៅជាមួយគ្នាផងដែរ៕
មតិយោបល់