ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ពីបទដូរគ្រឿងញៀន

សៀមរាបៈ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ជាប់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ដោយខុសច្បាប់។

ជនសង្ស័យទាំង៤នាក់ ខាងលើ ត្រូវបាននគរបាលជំនាញ បើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងជួញដូរ ដោយខុសច្បាប់នៅសារធាតុញៀន កាលពីវេលាម៉ោង៩៖៣០នាទី ព្រឹកក្នុងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិខ្នារ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកវរសេនីយទោ អ៊ុ សាអាត ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវឃាត់ខ្លួន ទី១ឈ្មោះ ពេជ្រ ពិសិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរធ្វើស្រែ ភូមិខ្នារ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទី២ឈ្មោះ អាន់ ហៅយួន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ ភូមិខ្នារ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទី៣ឈ្មោះ ស៊ឹម សម្ផស្ស ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងទូរស័ព្ទ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប និងទី៤ឈ្មោះ លន់ ផល្លាស្ស ភេទប្រុស ឆ្នាំ១៧ឆ្នាំ មុខរបរសិស្ស ភូមិគោកស្នួល ឃុំខ្នាតស្រុកពួក ខេត្តសៀមរាប។

លោកបានបន្ដថា វត្ថុតាងសមត្ថកិច្ចដកហូតបាន មានគ្រឿងញៀនប្រភេទម្សៅមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់ មានទម្ងន់ស្មើនឹង០.១ក្រាម និងសម្ភារៈវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន រួចបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីសួរនាំ៕

មតិយោបល់