ព័ត៌មានជាតិ

ឱផ្លូវវេងស្រេងអើយ! ក្លាយជាផ្លូវក្រាលដី និងគ្របដណ្ដប់ទៅដោយកម្ទេចថ្មស្ទើរទាំងស្រុង

ភ្នំពេញៈ ផ្លូវវេងស្រេង ដែលមានស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា “បច្ចុប្បន្នក្លាយជាផ្លូវក្រាលដោយដី និងគ្រប់ដណ្ដប់ដោយកម្ទេចថ្មទៅវិញ ដោយមិនមានអាជ្ញាធរមូលដ្ឋានណា អើពើនោះទេ”។

ប្រជាពលរដ្ឋបានបន្ដថា អាជ្ញាធរពាក់ព័ន្ធ បែរជាធ្វើមិនដឹង មិនឮអ្វីទាំងអស់ ហើយបានបណ្ដាលឲ្យបានបង់សោភ័ណភាពតាមដងផ្លូវ និងហុយយ៉ាងខ្លាំងដែលពិបាកក្នុងការធ្វើដំណើរ ព្រមទាំងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ពិសេសអ្នករស់នៅតាមដងផ្លូវនេះ មួយថ្ងៃៗអង្គុយ និងដេកស្រូបធូលីមិនស្ទើរទេក្នុងមួយថ្ងៃៗ ជាងនេះទៅទៀត គឺពេលភ្លៀងម្ដងៗ បង្កឲ្យស្ទះលូថែមទៀតផង។ ប្រជាពលរដ្ឋបន្ថែមថា អាជ្ញាធរបានបើកដៃឲ្យក្រុមឈ្មួញដឹកដី ដឹកខ្សាច់ ដឹកថ្ម យ៉ាងអនាធិបតេយ្យទាំងថ្ងៃទាំងយប់ ហើយបើកដូចឡានប្រណាំងអ៊ីចឹង ដោយមិនគិតពីអ្នកធ្វើដំណើរដ៏ទៃទៀតឡើយ។

ប្រជាពលរដ្ឋបានសំណូមពរ ឲ្យអាជ្ញាធរដែលពាក់ព័ន្ធ ជាពិសេសលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មេត្តាយកចិត្តទុកដាក់ ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋផង ហើយកុំបណ្ដែតបណ្ដោយឲ្យផ្លូវដែលបានកសាងយ៉ាងស្រស់ស្អាត បែរជាខ្ទេចដោយសារតែបុគ្គលដែលមួយក្ដាប់តូចទៅវិញ៕

មតិយោបល់