បន្ទាយមានជ័យៈ សិស្សានុសិស្ស ប្រមាណ៥០០នាក់ នៅវិទ្យាល័យហ៊ុន សែន ស្ថិតក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៦ ទទួលបានការផ្សព្វផ្សាយណែនាំពីការបរិភោគអាហារមានគុណភាពពីមន្ត្រីកាំកុងត្រូល។
លោក លន់ ស៊ីថា អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការណែនាំពីនាយកដ្ឋានកាំកុងត្រូល និងការចាត់តាំងពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត ដើម្បីចុះផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្សឲ្យមានការយល់ដឹងពីទំនិញជាម្ហូបអាហារ ដែលច្បាប់ហាមឃាត់ និងប៉ះពាល់សុខភាពដែលភាគច្រើនក្មេងៗមិនយល់មិនដឹងហើយតែងទិញញ៉ាំ។
លោកបានណែនាំដល់សិស្សានុសិស្ស នៅពេលទិញទំនិញទៅបរិភោគ និងទៅប្រើប្រាស់ត្រូវមើលពីការបរិច្ឆេទ និងគុណភាពឲ្យបានត្រឹមត្រូវមុន និងហូបជៀសវាងផលប៉ះពាល់ដល់សុខភាព។ ព្រោះថា សុខភាព គឺជាកត្តាសំខាន់របស់មនុស្ស។ ដូចនេះ សូមឲ្យសិស្សានុសិស្ស ក្រោយពេលទទួលការអប់រំ និងណែនាំរួចត្រូវផ្សព្វផ្សាយបន្តទៅដល់គ្រួសារបងប្អូនមិត្តដទៃទៀត ដើម្បីរួចផុតពីជំងឺនានា៕
មតិយោបល់