ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្តមួយគ្រឿង បើកបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរបួសបុរសម្នាក់

ប៉ៃលិន: កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានបុកផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បណ្តាលឲ្យរបួសមនុស្សម្នាក់ និងខូចខាតផ្ទះប្រជាពលរដ្ឋ ព្រមទាំងសម្ភារក្នុងផ្ទះមួយចំនួន។

ជនបង្កឈ្មោះ ស៊ីន សាវិន ភេទប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើករថយន្តម៉ាក PAJERO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-1520 ពីទិសខាងត្បូងទៅជើង។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ អែល មីន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់