ភ្នំពេញៈ ជនសង្ស័យ២នាក់ វ័យប្រហែល២០ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់បានសម្រេច ហើយព្យាយាមបើករត់គេចខ្លួនទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយកែងនិងផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ យ៊ុង មុន្នី ភេទប្រុស អាយុ៤០ឆ្នាំ ជាមេការខារ៉ាអូខេឃីងទ្រហ្គន់ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បើតាមប្រពភព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក GIORNO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DF-2393។ ដែលទើបតែជិះចេញមកពីកន្លែងធ្វើការបំណងជិះទៅហូបមីឆានៅក្បែរកន្លែងកើតហេតុ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលិចមុខជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HE-6641 ជិះមកពីក្រោយហើយក៏ធ្វើសកម្មភាពឆក់ទូរសព្ទដៃមួយគ្រឿងម៉ាកសាំស៊ុងពីជនរងគ្រោះដែលដាក់ក្នុងហោប៉ៅអាវបានសម្រេច។ ភ្លាមៗនោះជនសង្ស័យបានព្យាយាមបើកម៉ូតូជិះរត់គេចខ្លួន។ ហើយជនរងគ្រោះក៏ស្រែកចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះបានយកដុំថ្មគុបទៅលើជនសង្ស័យ បណ្តាលឲ្យម៉ូតូជនសង្ស័យខាងលើដួលទៅបោកនិងខឿនសួនច្បារចែកទ្រូងផ្លូវរងរបួសធ្ងន់ធ្ងរទាំង២នាក់ ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានទាក់ទងទៅរថយន្តគ្រោះបន្ទាប់ឲ្យមកធ្វើការដឹកជនសង្ស័យទាំង២នាក់ខាងលើទៅសង្គ្រោះទៅឯមន្ទីរពេទ្យព្រះកុសុមៈ រង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់