កណ្ដាលៈ បុរស២នាក់ ស្លាប់យ៉ាងអាណោចអធម័ ប៉ើងប្រហែល២០ម៉ែត្រ បន្ទាប់ពីបើកម៉ូតូឆ្លងផ្លូវជិតផុតទៅហើយត្រង់ផ្លូវបំបែកជាបួន។
ហេតុការណ៍ដ៏ន្ធត់នេះកើតឡើងនៅវេលាម៉ោង១១ និង២០នាទី យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ កឹក ពូង ភេទប្រុស អាយុ២០ឆ្នាំជាង មានស្រុកកំណើតនៅភូមិឧញ៉ាទេព ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់បើកម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1T-9161 បើកពីជើងទៅត្បូង បានឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកពីលិចទៅកើតក្នុងល្បឿនលឿន បានវ៉ារថយន្តមួយគ្រឿងទៀតជ្រុលទៅបុកម៉ូតូស្មាក់វី ពេញទំហឹងចំហៀងខាងស្ដាំ បណ្ដោយឲ្យប៉ើងប្រហែល២០ម៉ែត្រ ស្លាប់មួយរំពេច ។ ក្រោយពីដឹងថាបុកមនុស្សស្លាប់ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេ ព្យាយាមបើករត់ឡើងមកភ្នំពេញបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុបានវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានស្រុកអង្គស្នួលរង់ចាំក្រុមគ្រួសារយកឯកសារមកនិងប្រគល់ឲទៅវិញ។ ចំណែកសពជនរងគ្រោះម្នាក់ដែលសាច់ញាតិមកដល់សមត្ថកិច្ចក៏ប្រគល់ឲ្យដឹកយកទៅស្រុកធ្វើបុណ្យតាមប្រពៃណី។ រីឯម្នាក់ទៀតមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយត្រូវរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តរង់ចាំក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់