ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យជាវុធជាតិផ្ទុះ និងវាស់ជាតិស្រវឹង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដកហូតបានថ្នាំញៀន២កញ្ចក់តូច ខណៈកំពុងជិះម៉ូតូឌុបឆ្លងកាត់ដោលដៅ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចឈូកទិព្វ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសខាងលើមានឈ្មោះ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅម្តុំកាណាស៊ីធី ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ជិន រតនៈ អធិការងខណ្ឌទួលគោក បានដឹកនាំកម្លាំងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិស្រវឹងនៅចំណុចកើតហេតុខាងលើ ខណៈនោះក៏ឃើញបុរសម្នាក់កំពុងជិះម៉ូតូឌុបមួយគ្រឿងម៉ាកវីវ៉ា ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1AD-7121 ឆ្លងកាត់គោលដៅទិសដៅពីកើតទៅលិច ដោយមានសង្ស័យកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់ តែយុវជនរូបនោះបោះចោលថ្នាំញៀន។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឃើញធ្វើការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន បុរសខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ ចំណែកអ្នករត់ម៉ូតូឌុបសមត្ថកិច្ចយកមកឲ្យជួយបំភ្លឺរួចឲ្យយកម៉ូតូត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់