ព័ត៌មានជាតិ

រថយន្តព្រូសមួយគ្រឿងបើកបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ: នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរារណ៍ មួយបានកើតឡើងរថយន្ត មួយគ្រឿងម៉ាកព្រូស ពាក់ស្លាកលេខភ្នំពេញ 2BN-7582 បើកបរបុកម៉ូតូឌ្រីមសង់ (០២២ ) មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1JD-4587 បណ្តាលឲ្យបុរសម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នគរបាលនៅក្នុងមូលដ្ឋាន ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទឹកដីសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុ បើកបរតាមបណ្តោយផ្លូវលេខ ២១៧ ទិសដៅបើកបរពីត្បូងទៅទិសខាងជើង ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង គាបជាប់ បណ្តាលឲ្យបុរសម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ជនរងគ្រោះត្រូវបានរថយន្តពេទ្យមកដឹកយកទៅសង្រ្គោះបន្ទាន់ផងដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ពានថ្ម ក៏ដូចជាកម្លាំងនគរបាលខណ្ឌដង្កោ សហការគ្នាចុះមកដល់ទីតាំងកន្លែងកើតហេតុភ្លាមៗផងដែរ ។ បន្ទាប់មកបានធ្វើការពិនិត្យនិងវាស់វែងយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយនៅពេលក្រោយបន្តទៀត តាមនីតិវិធីផ្លូវច្បាប់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ខាងណាជាអ្នកខុសនៅឡើយនោះទេ ។ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់