ព័ត៌មានសុខភាព

រំលងផ្លែឈើមួយប្រភេទនេះម៉េចនឹងបាន បើមានប្រយោជន៍ច្រើនដល់ម្លឹង

គីវី ត្រូវបានគេចាត់ទុកជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើជាច្រើន ដែលមានផ្ទុកសារធាតុសំខាន់ៗពីធម្មជាតិ ដែលអាចជួយរក្សារាងកាយឲ្យមានសុខភាពល្អ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មិននឹកស្មានដែលបានមកពីការទទួលទានផ្លែគីវី៖

ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្លែគីវី ពោរពេញទៅដោយអង់ទីអុកស៊ីដង់ វីតាមីន C សមាសធាតុ phenolic និង carotenoids។ សារធាតុទាំងនេះអាចជួយការពារ DNA កោសិកានៅក្នុងរាងកាយមិនឲ្យមានការខូចខាត និងលើកកម្ពស់ដល់សុខភាព។

សម្បូរវីតាមីន C
ផ្លែគីវី ១០០ក្រាម មានផ្ទុកវីតាមីន C រហូតដល់ទៅ ១៥៤ភាគរយ ដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ។ វីតាមីណ C ដើរតួនាទីជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល អាចជួយកាត់បន្ថយរ៉ាឌីកាល់សេរី ដែលអាចបណ្តោលឲ្យកើតមានជំងឺមហារីក។ វីតាមីន C ក៏អាចជួយបង្កើនប្រព័ន្ធភាពស៊ាំផងដែរ។

ធ្វើឲ្យសរសៃឈាមបេះដូងមានភាពប្រសើរឡើង
ផ្លែគីវី សម្បូរទៅដោយវីតាមីន C វីតាមីន E និងប៉ូតាស្យូម ដែលល្អបំផុតស្រាប់លើកកម្ពស់ដល់សុខភាពសរសៃឈាមបេះដូង។ ការទទួលទានផ្លែគីវី អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការកកឈាម និងបង្ការជំងឺបេះដូង។

ជំរុញដល់ការស្រូបយកជាតិដែក
ការទទួលទានផ្លែគីវី ទៀងទាត់ អាចជួយជំរុញឲ្យរាងកាយស្រូបយកជាតិដែកបានល្អ។ មិនតែប៉ុណ្ណោះ វីតាមីន C និងសារធាតុគីមី នៅក្នុងផ្លែគីវី អាចជួយការពាររាងកាយកុំឲ្យខ្វះជាតិដែក។ ដូច្នេះ អ្នកគួរតែបង្កើនការញ៉ាំផ្លែគីវី ឲ្យបានច្រើន។

ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
គីវី មានផ្ទុកអង់ស៊ីម ដែលជាប្រូតេអ៊ីនរលាយ។ ប្រសិនបើអ្នកញ៉ាំបន្ទាប់ពីទទួលទានអាហារ វានឹងជួយដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ។ លើសពីនេះទៅទៀត វានឹងជួយក្នុងការរំលាយប្រូតេអ៊ីន និងការពារការលាកពោះវៀនធំ។

ថែរក្សាភ្នែក
ផ្លែគីវី គឺជាប្រភពដ៏ល្អនៃសារធាតុគីមីពីធម្មជាតិ ដែលអាចជួយព្យាបាលការលាក។ លើសពីនេះវីតាមីន A និងសារធាតុ phytochemicals របស់វា អាចជួយការពារភ្នែកឡើងបាយ ជំងឺភ្នែកផ្សេងៗ និងថែរក្សាភ្នែកឲ្យមានសុខភាពល្អ។

មានប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ
ផ្លែគីវី គឺជាប្រភពដ៏ល្អនៃអាស៊ីតហ្វូលិក ដែលចាំបាច់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាអាចជួយបង្ការការបាត់បង់បំពង់សរសៃប្រសាទចំពោះទារក និងជំរុញដល់ការអភិវឌ្ឍខួរក្បាលបានយ៉ាងល្អ។ អាស៊ីតហ្វូលិក មិនត្រឹមតែអាចជួយអភិវឌ្ឍទារកក្នុងផ្ទៃនោះទេ វាថែមទាំងអាចជួយឲ្យទារកមានសុខភាពល្អក្រោយពេលកើតផងដែរ។

ការពារជំងឺមហារីក
ផ្លែគីវី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoids វីតាមីន និងជាតិសរសៃ ដែលអាចជួយការពារជំងឺមហារីក និងការពារ DNA មិនឲ្យមានការខូចខាត។

ពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែគីវី អាចជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ ប្រសិនបើអ្នកទទួលទានរាល់ថ្ងៃ។ លើសពីនេះ វាអាចជួយគាំទ្រដល់រាងកាយប្រយុទ្ធប្រឆាំងនឹងពពួកមេរោគផ្សិត ព្រមទាំងបាក់តេរីផ្សេងៗថែមទៀត៕

មតិយោបល់