ព័ត៌មានជាតិ

បុរសម្នាក់ ស្រវឹងស្រាយកខ្សែរុំខ្លួនចុះងូតទឹក លុះងើបមិនរួចក៏លង់ទឹកស្លាប់

ស្ទឹងត្រែងៈ បុរសម្នាក់ ស្រវឹងស្រាចុះទន្លេយកខ្សែមកចងចង្កេះមុជទឹក លុះខ្សែរុំងើបមិនរួច ក៏លង់ទឹកស្លាប់ កាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៧ ខែមិថុនា ត្រូវបានគេប្រទះឃើញអណ្ដែតទឹកនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចអូខាន់ឌឿ ក្នុងភូមិសាស្ត្រឡាកាយ ឃុំថ្មកែវស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នគរបាលស្រុកសៀមប៉ាង បានឲ្យដឹងថា ជនរងគ្រោះ ដែលលង់ទឹកស្លាប់មានឈ្មោះ ធី រដ្ឋា (ហៅប៉ិត) ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នគរបាល បន្ដថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានយកខ្សែនីឡុង ចងរុំជាប់ ចង្កេះចុះទៅមុជទឹកទៅចងឈើនៅក្នុងទឹកទន្លេ ដោយស្រវឹង និងខ្សែរុំចងនឹងចង្កេះខ្លី ទើបងើបមិនរួចបណ្តាលឲ្យឈ្លោះទឹកស្លាប់តែម្តង។

លោកបន្តថា ក្រោយបានទទួលដំណឹងថា មានអ្នកលង់ទឹកស្លាប់កម្លាំងរបស់លោកបានសហការជាមួយកម្លាំងប៉ុស្តិ៍ថ្មកែវ ជាមួយក្រុមគ្រួសាររងគ្រោះ ដើររកមើលបានប្រទះឃើញសាកសពកំពុងអណ្ដែតទឹកនៅចំណុចខាងលើ ដោយឃើញមានខ្សែនីឡុងពណ៌ខៀវមានប្រវែង១០ម៉ែត្រ ពាក់ឈៀងជាប់ និងសាកសព និងឈើប្រភេទធ្នង់មួយដុំ មុខកាត់២តឹកកន្លះបួនជ្រុង ប្រវែង២ម៉ែត្រ ចងជាប់ជាមួយខ្សែងើបមិនរួចទើបឈ្លោះទឹកស្លាប់តែម្តងទៅ។

សាកសពត្រូវបានកម្លាំងជំនាញពិនិត្យមើល បញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែនមិនមានពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។ សពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់