ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ រួមនឹងគ្រឿងញៀន២០កញ្ចប់ ត្រូវកម្លាំងនគរបាល​ខណ្ឌច្បារអំពៅបង្ក្រាប

ភ្នំពេញ: ជនសង្ស័យ ជាមុខសញ្ញាជួញដូរគ្រឿងម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍និរោធ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតគ្រឿងញៀនចំនួន២០កញ្ចប់ និងវត្ថុតាងមួយចំនួនទៀតផងដែរ។

ប្រតិបត្តិការចុះបង្ក្រាប បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅខាងមុខផ្ទះគ្មានលេខមួយកន្លែង ផ្លូវលំ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មន្រ្តីនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ណែម មុនីរ៉េត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ១៤៨ ផ្លូវបេតុ ភូមិកោះនរាណ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ប្រតិបត្តិការនេះផងដែរ ធ្វើឡើងក្រោយពីមានការស្រាវជ្រាវរបស់កម្លាំងជំនាញរបស់អធិការខណ្ឌច្បារអំពៅអស់រយ:ពេលជាច្រើនថ្ងៃមកហើយនោះ ទើបធ្វើការសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍និរោធស្ទាក់បង្ក្រាបជាក់ស្តែងតែម្តង ខណ:រូបគេកំពុងតែឈរលក់គ្រឿងញៀននៅចំណុចកើតហេតុ ដោយកម្លាំងដកហូតគ្រឿងញៀនប្រភេទម្សៅក្រាមព៌ណសថ្លា២០កញ្ចប់តូច រួមទាំងវត្ថុតាងមួយចំនួនទៀតផងដែរ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕

photo_2016-12-04_14-28-15

photo_2016-12-04_14-28-13

photo_2016-12-04_14-28-14

មតិយោបល់