Post News Media ព័ត៌មានជាតិ ​ជនជាតិចិនបើក...

​ជនជាតិចិនបើករថយន្តដឹកសង្សារត្រឡប់ទៅផ្ទះ បុកជាមួយម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់!

​ភ្នំពេញ: កាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជនប្រុសស្រី២នាក់​របួសធ្ងន់​ស្រាល នៅតាមបណ្ដោយផ្លូវវេងស្រេង កែងច្រកចូលបុរីពិភពថ្មី សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លានលេខ ភ្នំពេញ2U-4298 បើកបរដោយជនជាតិចិន ដឹកសង្សារជាជនជាតិខ្មែរចេញពីញ៉ាំអីរួចត្រឡប់ផ្ទះជួលនៅក្នុងបុរីខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច​។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ០១៥ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1AL-9007 ដែលជិះដោយប្រុសស្រី២នាក់ បានធ្វើដំណើរតាមបញ្ច្រាស់ទិសគ្នា ជាមួយរថយន្ត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រីឯនារីម្នាក់ទៀតរងរបួសស្រាល និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បានចុះទៅដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕