សៀមរាបៈ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាននគរបាលស្រុកពួក កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ពស់ចឹកស្លាប់ នៅ ផ្លូវលំខាងត្បូងផ្ទះជនរងគ្រោះប្រហែល៣គីឡូម៉ែត្រ ភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
សាកសពឈ្មោះ ឈឿម ម៉ៃ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ ត្រូវបានពស់ចឹកស្លាប់ ខណៈដែលកំពុងដើរទៅមើលមោងដាក់ត្រីនៅចុងភូមិរបស់គាត់។
ក្រោយពេលទទួលសេចក្តីរាយការណ៍ កម្លាំងយើងបានទៅដល់កន្លែងកើតហេតុ និងពិនិត្យសាកសពឃើញមានស្នាមអុជជាំនៅត្រង់ក្រោមចង្វែកក្រោមម្រាមចង្អុលជើងស្តាំ ចំនួន៤កន្លែង(២លើ ២ក្រោម) ក្រៅពីនោះពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ។
តាមការបំភ្លឺរបស់ឈ្មោះ លាប វឿត ភេទស្រី អាយុ៤៣ឆ្នាំ ជាប្រពន្ធរបស់សាកសព បានអះអាងថា ប្តីគាត់(ឈឿម ម៉ៃ) ពិតជាស្លាប់ដោយសារពស់ចឹកនៅចំណុចកើតហេតុបា្រកដមែន ព្រោះមុនស្លាប់ ប្តីប្រាប់ថា រូបគេត្រូវពស់ស្រការចាស់ ខណៈដែលកំពុងដើរតាមផ្លូវលំទៅរកដោះត្រីមោង។
តាមការបំភ្លឺរបស់ឈ្មោះ ផន ភី អាយុ៣២ឆ្នាំ នៅភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក បានអះអាងថា គាត់បានឃើញពស់ប្រភេទស្រការចាស់ចឹកលើជនរងគ្រោះពិតមែន ខណៈដែលដើរជាមួយគ្នាទៅរកដោះត្រីមោង ហើយគាត់ក៏បានវាយពស់នោះឲ្យស្លាប់ផងដែរ(ពស់ទំហំប៉ុនមេដៃ ប្រវែង៤តឹក)។
ក្រោយគាត់និងអ្នកភូមិជូនជនរងគ្រោះមកដល់ផ្ទះបានមួយសន្ទុះ ក៏ដាច់ខ្យល់ស្លាប់តែម្តង៕
មតិយោបល់