ព័ត៌មានជាតិ

សមត្ថកិច្ចបំភ្លឺរឿង« ក្មេងស្រីម្នាក់ចង.កសម្លាប់ខ្លួនព្រោះលទ្ធផលប្រឡងបាក់ឌុបធ្លាក់ និងកំហុសបច្ចេកទេស របស់ក្រសួងអប់រំ » មិនមែនជារឿងពិត!

សៀមរាបៈ យោងតាមផេក នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងទាំងស្រុងថា ៖ ដោយសង្កេតឃើញថា ប៉ុន្មានថ្ងៃនេះ មានការយករូបថត សពយុវតីម្នាក់ ដែលធ្វើអត្តឃាតខ្លួនឯង ភ្ជាប់សាច់រឿងជាមួយ ការប្រឡងបាក់ឌុបធ្លាក់ និងកំហុសបច្ចេកទេស របស់ក្រសួងអបរំ​ ដើម្បីបញ្ចៀសការយល់ច្រឡំ នគរបាលព្រហ្មទណ្ឌក្រុងសៀមរាប សូមធ្វើការបំភ្លឺ​ បញ្ជាក់ជូនមហាជនឲ្យបានដឹងថា ​​យុវតីដែលធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ ចិត្រ ម៉ាឡា ភេទស្រី អាយុ១៥ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាត ចងកដោយក្រម៉ា នៅក្នុងបន្ទប់របស់ខ្លួន កាលថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ មកម៉្លេះ នៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារមានបញ្ហានៅក្នុងគ្រួសារបន្តិចបន្តួច(ទំនាស់ពាក្យសំដី) ហើយក៏សម្រេចចិត្តយកក្រម៉ាចងកសម្លាប់ខ្លួនឯង ដោយគ្មានក្រុមគ្រួសារណាម្នាក់ដឹងឡើយ។ លុះដល់ប្អូនប្រុសបង្កើត របស់ជនរងគ្រោះ ទៅហៅជនរងគ្រោះឲ្យចេញមកហូបបាយ តែជនរងគ្រោះមិនឆ្លើយ ដោយមានការសង្ស័យ ប្អូនប្រុសបង្កើតរូបនោះ ក៏បានរុញទ្វារហើយឃើញ បងស្រីរបស់ខ្លួន បានធ្វើអត្តឃាត ស្លាប់បាត់ទៅ ហើយប្អូនប្រុសជនរងគ្រោះក៏រត់មកស្រែក ហៅម្តាយឲ្យទៅមើលពេលទៅដល់ ម្តាយជនរងគ្រោះក៏ឃើញកូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយផងដែរ។

ការយកសាច់រឿងនេះ មកបង្ហាញជូនជាថ្មីម្តងទៀត ក៏ព្រោះតែប៉ុន្មានថ្ងៃមកនេះ ឃើញមានការយករូបថតសពយុវតីខាងលើ មកផ្សព្វផ្សាយ ដោយភ្ជាប់ សាច់រឿងជាមួយ ការប្រឡងធ្លាក់ និងកំហុសបច្ចេកទេស របស់ក្រសួងអបរំ ដើម្បីបញ្ចៀសការយល់ច្រឡំតែប៉ុណ្ណោះ។

អាស្រ័យហេតុនេះ នគរបាលព្រហ្មទណ្ឌក្រុងសៀមរាបយើងខ្ញុំ​ សូមបញ្ជាក់ថា​ ករណីនេះមិនមែនជាការធ្វើអត្តឃាត ដោយសារ តែលទ្ធផលប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៨នេះ នោះឡើយ គឺជាសាច់រឿងផ្សេងពីគ្នា និងសូមជ្រាបជាព័ត៌មាន៕

មតិយោបល់