សៀមរាបៈ ជនសង្ស័យចំនួន៥នាក់ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងក្រុងសៀមរាប ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនបានជាបន្ដបន្ទាប់ ដកហូតយកវត្ថុតាងមួយចំនួននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ឆ្លងតាមការរាយការណ៍ និងស៊ើបអង្កេតយ៉ាងច្បាស់លាស់ ទើបកម្លាំងអាវុធហត្ថស្រុក និងខេត្តសហការគ្នា ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
អាវុធហត្ថបានបន្ដថា ករណីបង្ក្រាបលើកទី១ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ តេង សុលាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទី២ឈ្មោះ តេង គឹមស៊ាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ដកយកវត្ថុ តាងរួមមាន ម្សៅគ្រើមម៉ាទឹកកក៤កញ្ចប់ ទម្ងន់២,៨៩ក្រាម និងWY ១គ្រាប់ ទូរស័ព្ទ២គ្រឿង និងជញ្ជីងថ្លឹង១គ្រឿងង។
បង្ក្រាបលើកទី២ ករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្នុងនោះ អាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ចយ ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ទី២ឈ្មោះ ជុន ហ៊ាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិជីយោគ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ និងទី៣ឈ្មោះ ប្រាក់ សារឹទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដកហូតវត្ថុតាង ម្សៅគ្រើមម៉ាទឹកកក៤កញ្ចប់ ទម្ងន់១,៤០ក្រាម ទូរស័ព្ទ៣គ្រឿង និងសម្ភារៈជក់ និងវេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីនៃច្បាប់។ គួរកត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះ គ្រឿងញៀនកំពុងចុះវាយលុកក្នុងខេត្តទេសចរណ៍សៀមរាប អង្គរយ៉ាងពេញទំហឹង មិនថានៅទីជនបទ ឬនៅទីក្រុងនោះឡើយ៕
មតិយោបល់