Post News Media ព័ត៌មានជាតិ ចោរអស់លក្ខណ៍ ...

ចោរអស់លក្ខណ៍ កំពុងដោះស្លាកលេខម៉ូតូដែលលួចគេបាន ត្រូវប៉ូលិសក្របួចជាប់

កំពង់ចាម: កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងភ្នាក់ងារ បានផ្តល់ព័ត៌មានថាមានម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ចំនួន១គ្រឿងបើកបរ ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស បម្រុងដោះស្លាកលេខម៉ូតូចេញ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានចុះត្រួតពិនិត្យមើលតាមកន្លែងជាងម៉ូតូ ដែលកម្លាំងភ្នាក់ងាររាយការណ៍ក៏ឃើញកន្លែងជាង ស្ថិតនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងនាំមកអធិការដ្ឋានដើម្បីសាកសួរ។

តាមចម្លើយសារភាពបឋម ឈ្មោះ សុខ ឡូត ភេទប្រុស អាយុ៣៤ឆ្នាំ ស្រុកកំណើតនៅភូមិក្បាលហុងចាស់ ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ។ ហើយជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច នៅត្រង់ចំណុចវត្តទួលឡូវ ស្ថិតនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខ្លួនពិតជាបានលួចម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ចំនួន១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BX-9302 នៅពេលម្ចាស់ទុកម៉ូតូទាំងសោ ជាប់ជាមួយ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបានប្រគល់ជូនសមត្ថកិច្ចស្រុកចំការលើ ដែលជាម្ចាស់ករណី ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

Loading...