ភ្នំពេញៈ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ បុរសម្នាក់បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅឯគ្លីនិកឯកជន បន្ទាប់ពីជិះម៉ូតូ ZOOMER-X មួយគ្រឿង ចេញពីកន្លែងធ្វើការរួចក៏ជ្រុលទៅបុកគូទ រថយន្តកុងទីន័រ មួយគ្រឿង បើកស្របទិសដៅគ្នាពេញទំហឹង ទីតាំងទល់មុខឃ្លាំងលក់រថយន្តយីហោ៦៦៨ ស្ថិតតាមបណ្ដោយ ផ្លូវហាណូយ ក្នុងសង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ផានី ផាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ជាបុគ្គលិកក្នុងក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង ស្នាក់នៅគីឡូម៉ែត្រលេខ១០ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌ស លាយ-ក្រហម ពាក់ស្លាកលេខភ្នំពេញ 1DO-3532 បានជិះចេញពីកន្លែងធ្វើការនៅម្ដុំវត្តខ្មួញក្នុងគោល បំណងទៅផ្ទះ នៅគីឡូម៉ែត្រលេខ១០ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះពេលដល់មកចំណុចកើតហេតុបានជ្រុលបុកគូទរថយន្តកុងទីន័រ មួយគ្រឿងម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3B-0267 បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នា ពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសបែកក្បាលធ្ងន់ធ្ងរ រីឯរថយន្តបានរងការខូចខាត វៀចកាងខាងក្រោយចំហៀងខាងឆ្វេងដោយឡែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ ស្រមោលតែម្ដង ។ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះ តែជាអកុសលពេលដឹកទៅតាមផ្លូវ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់