ព័ត៌មានជាតិ

រថយន្ត១១គ្រឿង ដែលម្ចាស់មានទាំងខ្មែរនិងចិន ចតគ្មានសណ្តាប់ធ្នាប់ត្រូវសមត្ថកិច្ចឃាត់ទុក ពេលនេះបានប្រគល់ឲ្យម្ចាស់វិញហើយ ដោយគ្មានការផាកពិន័យ

ព្រះសីហនុ: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ យានយន្តចំនួន១១គ្រឿងថែមទៀត ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ ប្រគល់ឲ្យម្ចាស់វិញហើយ ដែលម្ចាស់មានទាំងខ្មែរ និងចិនសរុបចំនួន១១នាក់ ដោយមិនពិន័យជាប្រាក់ទេ។

ប៉ុន្តែក្នុងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់យានយន្តទាំង១១គ្រឿង ចុះរៀបចំសណ្តាប់ធ្នាប់១ថ្ងៃជាមួយក្រុមការងារក្រុង ប៉ុន្តែដោយសារថ្ងៃនេះភ្លៀងពេញមួយថ្ងៃ ដូច្នេះតម្រូវឲ្យម្ចាស់យានយន្តទាំង១១គ្រឿង រៀបចំសម្ភារ:ដែលល្មើសច្បាប់ ដែលកន្លងមករដ្ឋបាលក្រុងចាប់យកមករក្សាទុកនៅក្នុងបរិវេណសាលាក្រុង ឲ្យមានរបៀបរៀបរយប៉ុណ្ណោះ។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ យានយន្តចំនួន១៤គ្រឿង ត្រូវបានរដ្ឋបាលក្រុង ប្រគល់ឲ្យម្ចាស់វិញផងដែរ ប៉ុន្តែមុននឹងប្រគល់យានយន្តឲ្យម្ចាស់វិញ រដ្ឋបាលក្រុង ក៏បានតម្រូវម្ចាស់យានយន្តទាំង១៤គ្រឿង ចូលរួមទិវាសម្អាតពិភពលោកឆ្នាំ២០១៨ ដើររើសសំរាមនៅវេទិកា ៧មករា។

សូមបញ្ជាក់ថា៖ យានយន្តទាំង ២៥គ្រឿងនេះ ចតយ៉ាងគ្មានសណ្តាប់ធ្នាប់នៅមុខផ្សារលើ នឹងត្រូវរដ្ឋបាលក្រុង យកមករក្សាទុកនៅសាលាក្រុង ចំនួន ១០ថ្ងៃមកហើយ៕

មតិយោបល់