ព័ត៌មានជាតិ

ធ្វើជាងសំណង់សុខៗ បែកគំនិតលួចកាច់សោរម៉ូតូគេត្រូវសមត្ថកិច្ចក្របួចជាប់

សៀមរាប: បុរសម្នាក់ ប្រកបមុខរបរជាជាងសំណង់មិនកាក់កប បែកគំនិតធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋតែមិនបានសម្រេចត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងទឹកដី ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះមានឈ្មោះ ណម ណេ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាជាងសំណង ស្រុកកំណើតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បាននាំប្រពន្ធទៅធ្វើការសំណង់នៅវិទ្យាល័យក្រឡាញ់ ស្រាប់តែបែកគំនិតធ្វើចោរលួចកាច់សោរ.ក គេត្រូវបានសមត្ថកិច្ចក្របួចជាប់ ដកហូតបានវត្ថុតាងម៉ូតូ០១គ្រឿង របស់ជនរងគ្រោះម៉ាក វ៉េវ ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ មានលេខតួ លេខម៉ាស៊ីន NS C125 KE 0040818 គ្មានស្លាកលេខ។

លោកវរសេនីយ៍ត្រី ជី បេងជន អធិការនគរបាលស្តីទីស្រុកក្រឡាញ់ បានឲ្យដឹងថា ករណីខាងលើនេះជនសង្ស័យបានលួចកាច់សោរក ម៉ូតូពីកន្លែងកើតហេតុខាងលើ ជិះពីត្បូងទៅជើង ឡើងមកលើផ្លូវជាតិលេខ៦ ហើយបានបន្តជិះពីលិចទៅកើត ឆ្លងកាត់រង្វង់មូលក្រឡាញ់ រហូតដល់ខាងកើតភោជនីយដ្ឋានផ្កាយព្រឹកប្រហែល១០០ម៉ែត្រ ជនសង្ស័យបានឈប់ដោះកញ្ចក់ម៉ូតូ ក៏ត្រូវបានបងប្រុសម្ចាស់ម៉ូតូឈ្មោះ សយ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប កំពុងជិះម៉ូតូដើរលេងតាមបណ្ដោយផ្លូវលេខ៦ ប្រទះឃើញ សង្ស័យថា ម៉ូតូជារបស់ប្អូនប្រុសគេឈ្មោះ សយ លីហា ភេទប្រុស អាយុ១៩ឆ្នាំ ដែលបានជិះទៅលេងនៅកន្លែងកម្សាន្ត អាងពោះស្គរ បន្ទាប់មកឈ្មោះ សយ បញ្ញា (បងប្រុស) បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ហើយបានឲ្យម្តាយចុចទូរសព្ទទៅសួរប្អូន ពេលនោះប្អូនបានឆ្លើយមកវិញថា បាត់ម៉ូតូបាត់ហើយ។ ភ្លាមនោះឈ្មោះ សយ បញ្ញា បានទៅបណ្តឹង សមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ឲ្យជួយដេញចាប់ជនសង្ស័យ ក្រោយពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចនគរបាល ព្រមទាំងឈ្មោះ សយ បញ្ញា បានជិះម៉ូតូដេញតាមរហូតដល់ខាងកើតផ្ទះប្រជាពលរដ្ឋឈ្មោះ សេក គង ចម្ងាយប្រហែល៣០០ម៉ែត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិគោកត្រុំ ឃុំស្រនាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក៏ប្រទះឃើញជនសង្ស័យ។ ពេលដែលឃើញសមត្ថកិច្ចនគរបាល ជនសង្ស័យបានឈប់ម៉ូតូរួចរត់កាត់វាលស្រែទៅទិសខាងត្បូង ពេលនោះបងប្រុសជនរងគ្រោះបានស្រែថា ចោរៗក៏ត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលយើងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

ក្រោយពីបានសាកសួររួចមកជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចនគរបាលយើងថា រូបគេបានជិះម៉ូតូ០១គ្រឿងទៀត ដែលជារបស់ខ្លួនម៉ាក ហុងដា សេ១២៥ ផលិតនៅឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1D-3039 ជាមធ្យោបាយប្រព្រឹត្តបទល្មើស យកទៅទុកនៅកន្លែងកម្សាន្ត រួចបានកាច់សោរម៉ូតូរបស់ជនរងគ្រោះខាងលើ ដើម្បីយកមកលាក់ទុកនៅកន្លែងមានសុវត្ថិភាព និងត្រឡប់ទៅយកម៉ូតូរបស់ខ្លួនមកវិញ តែត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។

បច្ចុប្បន្នជនសង្ស័យស្ថិតនៅក្រោមសាកសួររបស់សមត្ថកិច្ចនគរបាលស្រុក ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។ ចំពោះម៉ូតូជនរងគ្រោះសមត្ថកិច្ចនគរបាលស្រុក បានធ្វើការប្រគល់ជូនវិញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ៕

ចោរ

ចោរ

ចោរ

មតិយោបល់