ព័ត៌មានជាតិ

ព្រោះតែស្រឡាញ់អាវុធពេកក៏ទិញយកមកទុក លុះពេលខឹងប្រពន្ធទាញ យកមកគំរាមសម្លាប់ប្រពន្ធ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ អនុវត្តតាមយោបល់ ដឹកនាំរបស់ លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការ នគរបាលស្រុករុក្ខគីរី បានដឹកនាំ កម្លាំងក្នុងអង្គភាព ធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហ៊ាន វុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានមុខរបរជាប្រជាពលរដ្ឋ ក្នុងករណីប្រើប្រាស់អាវុធដោយខុសច្បាប់ និងប្រើប្រាស់អាវុធគំរាមសម្លាប់ប្រពន្ធ របស់ខ្លួន ដោយបានដកហូតអាវុធខ្លីប្រភេទK59 ចំនួន ០១ដើម គ្រាប់ចំនួន ០២គ្រាប់នៅក្នុងបង់ ស្រាប់។

សូមជម្រាបជូនថា មូលហេតុដែលនាំទៅដល់ការឃាត់ខ្លួននេះ កាលពីថ្ងៃទី ៥ខែ កក្កដា ឆ្នាំ ២០ ២១ វេលាម៉ោង ៧និង០០ នាទីនៅចំណុចភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីគំរាមកំហែងដោយប្រើប្រាស់អាវុធមួយកើតឡើង ដែលករណីនេះបង្កដោយឈ្មោះ ហ៊ាន វុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ ជាប្រជាពលរដ្ឋ បានប្រើពាក្យសម្ដីនិងអាវុធ គំរាមសម្លាប់ទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះ ឆោម អេម ភេទស្រី អាយុ ៥៣ឆ្នាំ ក្នុងពេលដែលរូបគាត់មានទំនាស់ជាមួយប្រពន្ធ ។

ក្នុងពេលធ្វើសកម្មភាពនេះ ប្រពន្ធដែលមានការភ័យខ្លាច បានរត់ចេញពីផ្ទះនិងរាយការណ៍ភ្លាមដល់សមត្ថកិច្ច នគរបាលមូលដ្ឋានហើយពេលទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលស្រុករុក្ខគីរី បានចុះទៅអនុវត្តការឃាត់ខ្លួន និងនាំមកធ្វើការស្រាវជ្រាវជាបន្ទាន់ ។

លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានឱ្យដឹងថា ជនសង័្សយឈ្មោះ ហ៊ាន វុទ្ធី បាន ឆ្លើយសារភាពថា អាវុធខ្លីមួយដើមដែលរូបគាត់យកមកប្រើប្រាស់គំរាមសម្លាប់ប្រពន្ធ និងត្រូវបានសមត្ថកិច្ចនគរបាលធ្វើការដកហូតនេះគឺ រូបគាត់បានទិញពីអ្នកនៅភ្នំពេញម្នាក់ ដែលគាត់បានស្គាល់ហើយមូលហេតុដែលគាត់ (ទិញអាវុធខ្លី) យកមកប្រើប្រាស់ក្នុងខណ:ដែលរូបគាត់ ជាប្រជាពលរដ្ឋ មិនមែនជាសមត្ថកិច្ចផង នោះ រូបគាត់បានឆ្លើយសារភាពបន្តថា ព្រោះតែការស្រឡាញ់អាវុធនេះពេក ទើបគាត់ទិញយកមក ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុករុក្ខគីរីបានកសាងសំណុំរឿងបញ្ជូនរូបគាត់និង វត្ថុតាងមកកាន់ការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

មតិយោបល់