ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលវាលវង់ ធ្វើការឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ តាមបណ្ដឹងរបស់អតីតប្រពន្ធ ជាប់ពាក់ព័ន្ធនឹងរឿងប៉ុនប៉ុងជះទឹកអាស៊ីដ ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១ និង៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រង់ចំណុចជិតខារ៉ាអូខេ “យេស” ផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
នារីរងគ្រោះ ជាប្រពន្ធចុងមានទីលំនៅក្នុងរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ ជាប្ដី ឈ.ស អាយុ៥១ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្នុងរាជធានីភ្នំពេញ ។
តាមប្រភពពីនារីរងគ្រោះ បានឲ្យដឹងថា គាត់ទាំងពីរនាក់ មិនរៀបការនោះទេ តែបានសែនព្រេងរជាមួយគ្នា ដោយតាំងពីយកគ្នាមក ចេះតែមានរឿងឈ្លោះប្រកែកគ្នាឥតឈប់ ខណៈបុរសជាប្ដីតែងតែប្រើអំពើហិង្សាទៅលើរូបគាត់ ទើបទ្រាំមិនបាន ក៏សម្រេចចិត្តលែងលះគ្នា។
ប្រភពដដែលបន្តថា នៅវេលាថ្ងៃកើតហេតុ មិត្តរួមការងារនាងម្នាក់ បានតេទូរស័ព្ទប្រាប់នាងឲ្យប្រុងប្រយ័ត្ន ព្រោះបានឃើញបុរសជាប្ដីរបស់នាង មកអង្គុយចាំនៅលើម៉ូតូ នៅជិតខារ៉ាអូខេ “យេស” ដែលជាកន្លែងនាងធ្វើការ។ ទើបរូបនាងក៏បានទូរស័ព្ទទៅលេខប្រចាំបញ្ជារបស់ស្នងការរាជធានី ឲ្យជួយអន្តរាគមន៍ នៅពេលកម្លាំងមកដល់ បានធ្វើការសាកសួរជនសង្ស័យ ហើយសុំឆែកឆេរ ក៏ឃើញមានដបទឹកអាស៊ីដ ទុកនៅលើម៉ូតូ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន វាយខ្នោះ យកទៅប៉ុស្តិ៍តែម្ដង។
ក្រោយការសួរនាំរបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ទឹកអាស៊ីដដែលនៅលើម៉ូតូនោះ គឺមានបំណងយកមកគំរាម លើនារីរងគ្រោះ ដែលជអតីតប្រពន្ធប្រាកដមែន។
ដោយយោងតាមពាក្យបណ្ដឹងជនរងគ្រោះ រួមទាំងចម្លើយសារភាពជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ច បានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមនិតិវិធី៕


មតិយោបល់