ព័ត៌មានជាតិ

បង្ក្រាបករណីចែកចាយគ្រឿងញៀនដកហូតម៉ាទឹកកក១៨ថង់ និងអាវុធវែង១ដើម

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីជួញដូរចែកចាយគ្រឿងញៀន និងករណីប្រើប្រាស់គ្រឿងញៀន ជាបញ្ហាប្រឈមយ៉ាង ខ្លាំងនៅក្នុងសង្គមជាតិបច្ចុប្បន្ន។​ ដោយឡែកជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្ត បាត់ដំបងធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង២០ និង៥០នាទីយប់ នៅចំណុចភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កម្លាំងនគរបាលខេត្តសហការ កម្លាំងនគរបាលស្រុក បានធ្វើការបង្រ្កាបករណីរក្សាទុកជួញដូរគ្រឿងញៀន ក្នុងនោះមនុស្ស២នាក់ ត្រូវឃាត់ខ្លួន។

លោកវរសេនីយ៍ទោ ស៊ាន សុណាល់ បានបន្តឲ្យដឹងទៀតថា មនុស្ស២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ គឺទី១/ ឈ្មោះ លឿម សុវណ្ណ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល និងទី២/ ឈ្មោះ ឈាង វណ្ណធី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល។
ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICEម៉ាទឹកកក)ចំនួន ១៨ថង់តូច ទម្ង ន់៣០,៦១ក្រាម ជញ្ជីង១ កាំភ្លើង១ដើម (ម៉ាកម៉ាត់ទីយ៉េត) បង់១គ្រាប់ មានគ្រាប់ចំនួន១៧គ្រាប់ ទូរស័ព្ទដៃ ២គ្រឿង នាឡិកា៣គ្រឿង កាំបិត៤ដើម ចិញ្ចៀន១វង់ ប្រាក់ ៥០ម៉ឺនរៀល និងម៉ូតូ២គ្រឿង។

ជនសង្ស័យរួម និងវត្ថុតាង កម្លាំងសមត្ថកិច្ចជំនាញ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់