ព័ត៌មានជាតិ

សង្ស័យប្រើសារធាតុញៀនហួសកម្រិត! កូនបង្កើត ធ្វើសកម្មភាពដុតរោងដាក់ឈើ និងវាយកម្ទេចទ្វារផ្ទះ បង្កឲ្យមានអ្នករបួស

កណ្តាល: កាលពីវេលាម៉ោង ១៩ និង ៣០នាទីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល មានករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមួយ។

ជនរងគ្រោះទី១-ឈ្មោះ ជុំ សំណាង ភេទ ស្រី អាយុ ៦២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ និងទី២-ឈ្មោះ ហេង សុភក្រ័ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ។ ទាំង០២ នាក់ មានទីលំនៅភូមិ-ឃុំកើតហេតុ។

ចំណែកជនសង្ស័យឈ្មោះ ហេង មករា ហៅ មាក់ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ-ឃុំកើតហេតុ បានធ្វើតេស្តររកសារធាតុញៀន ក្នុងទឹកនោម (វិជ្ជមាន) ឃាត់ខ្លួន។

វត្ថុតាងចាប់យក៖
-ពូថៅធ្វើពីដែក ចំនួន ០១ ប្រវែង ៥០សង់ទីម៉ែត្រ
-ដែកតាន់ ចំនួន ០១ ប្រវែង ៧០សង់ទីម៉ែត្រ

សម្ភារខូចខាតរួមមាន៖
-ឆេះរោងដាក់ឈើ ទំហំ ៤ គុណ ៥ ម៉ែត្រ ខូចខាតទាំងស្រុង
-កញ្ចក់ទ្វារផ្ទះចំនួន ០១ផ្ទាំង
-កញ្ចក់បង្អួច ចំនួន ០២ផ្ទាំង
-ពាងទឹកចំនួន ០១
-រានប្រភូមិ ចំនួន ០១
-ជញ្ជាំងផ្ទះ
-សម្ភារ:ក្នុងផ្ទះមួយចំនួន

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ ហេង មករា ហៅ មាក់ ភេទ ប្រុស ដែលជាកូនបង្កើតរបស់ជនរងគ្រោះ បានធ្វើសកម្មភាព យកកំណាត់វាំងនន ពីក្រោមផ្ទះ យកទៅដុតរោងដាក់ឈើទំហំ ៤ គុណ ៥ម៉ែត្រ នៅខាងក្រោយផ្ទះ បណ្តាលឲ្យឆេះខូចខាតទាំងស្រុង មិនតែប៉ុណ្ណោះ ជនសង្ស័យ បានយកពូថៅ និងដែកបំពង់ទីប វាយកញ្ចក់ទ្វារផ្ទះ និងបង្អួច បណ្តាលឲ្យបែកខូចខាត រួចបានវាយពាងទឹក វាយជញ្ជាំងផ្ទះ ធ្វើពីស័ង្កសីខូចខាតទៀត។
នៅក្នុងហេតុការណ៍នោះ ឈ្មោះ ជុំ សំណាង បានយកជំពាមកៅស៊ូ បាញ់ត្រូវចំឆ្អឹងជំនីឈ្មោះ ហេង សុភក្រ័ ភេទប្រុស ត្រូវជាប្អូនប្រុស បណ្តាលឲ្យរងរបួស បន្ទាប់មកជនរងគ្រោះ បានទៅប្តឹងនគរបាលប៉ុស្តិ៍ពញាឮ។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការត្រួត ពិនិត្យ និងកសាងសំណុំរឿង។ លុះដល់ថ្ងៃទី២៦ មករា ២០២០ កម្លាំងប៉ុស្តិ៍ពញាឮ បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ ធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

មតិយោបល់