ព័ត៌មានជាតិ

ស្ទាវ២នាក់ ស្រវឹងស្រាជោក ជិះម៉ូតូវ៉ារថយន្តកុងតឺន័រមិនផុត បុករថយន្តមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ

ភ្នំពេញ: ស្ទាវពីនាក់ស្រវឹងស្រាធ្លាក់ភ្នែកជិះមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន បានវ៉ាជែងរថយន្តកុងតឺន័រមួយគ្រឿងនៅខាងមុខ មិនផុតជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុងច្រកចូលផ្សារទួលពង្រ ប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីឃើញហេតុការនេះបានឲ្យដឹងថាមុនកើតហេតុ គេឃើញស្ទាវ២នាក់ស្រវឹងស្រាជោក ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1H-4503 ឌុបគ្នាក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តកុងតឺន័រមួយគ្រឿង បើកនៅខាងមុខមិនផុតបានចូលមកចំណីផ្លូវម្ខាងទៀត ទៅបុករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-7253 បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យស្ទាវទាំង២នាក់រងរបួសស្រាល។ ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាមទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់