ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះបង្ក្រាបហាង​ម៉ាស្សា​កោស​ជប់​បង្កប់សេវាផ្លូវភេទមួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​៧នាក់​

ភ្នំពេញៈ កម្លាំង​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន ​បានបើក​ប្រតិបត្តិការ​ចុះបង្ក្រាបហាង​ម៉ាស្សា​កោស​ជប់ធ្វើសរសៃ​មាន​លួចបង្កប់​សេវា​ផ្លូវ​ភេទ​​មួយ​កន្លែង ​និងបានធ្វើការ​ឃាត់ខ្លួន​បានមនុស្សចំនួន៧​ និង​វត្ថុ​តាង​មួយ​ចំនួន​ កាលពីវេលា​ម៉ោង​១០និង​២០​នាទី​យប់​ ថ្ងៃ​ទី​១៩ ​ខែកញ្ញា​ ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ផ្ទះ​លេខ​៣៦០EoE​ តាមបណ្ដោយ​ផ្លូវ​២០១១​ ភូមិ​ដីថ្មី​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌសែនសុខ​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ហាងម៉ាស្សា​កោស​ជប់​មាន​លួចលាក់​បង្កប់​សេវា​ផ្លូវ​ភេទ​ខាងលើនោះ​ គឺ​ដោយ​មាន​ការ​ដឹក​នាំ​ផ្ទាល់ពីលោក​ឧត្ដមសេនីយ៍​ទោ​ សំបូរ​ មាណ្ណារិទ្ធ​ អនុប្រធាន​នាយកដ្ឋាន​ និង​លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ សុជឿន​ អនុប្រធាន​នាយកដ្ឋាន​ និង​ លោក​ កុល​ បុន​ ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ បានដឹក​នាំ​កម្លាំង​ចុះបង្ក្រាប​និងឆែកឆេរ​ទីតាំង​លួច​លាក់​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​ខាងលើ​ ជាលទ្ធផល​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៧នាក់​ ក្នុង​នោះ​ធ្វើ​ការ​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​មួយ​គូ​ដែល​ជាថៅ​កែ​ហាងម៉ាស្សា​ខាងលើ​ ដែលបុរសជាប្តីមានឈ្មោះ​ ម៉ុន​ ចំរើន​ អាយុ​៤១ឆ្នាំ​ ស្នាក់នៅ​កន្លែង​កើតហេតុ​។ ចំណែកឯ​ប្រពន្ធ​ឈ្នោះ​ ហ៊ុ​ ស្រីអន​ អាយុ​២១ឆ្នាំ​ ស្នាក់នៅ​ជាមួយ​គ្នា​ និង​នារី​ម៉ាស្សា​ចំនួន៥នាក់ទៀត​ជាជនរងគ្រោះ​ រួមទាំងដកហូត​បានវត្ថុតាងរួមមាន​ ឧបករណ៍​ប្រើប្រាស់​គ្រឿង​ញៀន​ចំនួន​៤​ ស្រោមប្រើប្រាស់ហើយ​និងមិនទាន់ប្រើមួយចំនួន​ និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្ន​ថៅកែ​ទាំង២នាក់ប្តីប្រពន្ធ និងជនរងគ្រោះទាំង៥នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅឯ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ដើម្បី​រង់ចាំ​ធ្វើ​ការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់