ភ្នំពេញៈ គូរស្នេហ៍មួយគូទើបតែស្រលាញ់គ្នាបានតែ១ខែតែប៉ុណ្ណោះស្រាប់តែអកុសលខាងប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតចោល។
ហេតុការណ៍ដ៏រន្ធត់យ៉ាងខ្លាំងដែលធ្វើឲ្យខាងស្រីទប់ទឹកភ្នែកមិនបាននេះគឺបង្កដោយរថយន្ដដោយមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបុកម៉ូតូរបស់យុវជនខាងលើ បណ្ដាលអោយស្លាប់ក្នុងថ្លុកឈាមតែម្តង។ កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលស្លាប់ក្នុងថ្លុកឈាមនោះត្រូវបានគេស្គាល់ឈ្មោះចាន់ណា អាយុប្រហែល២១ឆ្នាំ មុខរបរ ជាងកញ្ចក់ស្ទឹងមានជ័យ មានស្រុកកំណើតស្រុកអង្គស្នួល ខេត្ដកណ្ដាល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ដែលពាក់ស្លាកលេខ ភ្នំពេញ1FQ-3522 ដោយធ្វើដំណើរតែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ដមួយគ្រឿងដោយមិនចាំម៉ាកដោយធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលអោយបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅនិងកន្លែង ហើយភ្លាមៗនោះដែរ រថយន្ដបង្កបានបើករថយន្ដគេចខ្លួនបាត់ស្រមោលតែម្ដង។
តាមការបកស្រាយរបស់នារីម្នាក់ដែលជាសង្សាររបស់ជនរងគ្រោះដែលស្នាក់ នៅ អង្គស្នួល បានបន្តថាអ្នកទាំង២ទើបតែស្គាល់គ្នាបានមួយខែតែប៉ុណ្ណោះ គឺស្គាល់តាមរយៈការលេង ហ្វេសប៊ុក ក្រោយមកស្នេហាអ្នកទាំង២កាន់ស៊ីជម្រៅទៅៗ ទើបបានមកណាត់ជួបគ្នានៅផ្ទះខាងស្រីបានត្រឹមតែ២ ៣ថ្ងៃទេ លុះដល់ថ្ងៃកើតហេតុខាងជនរងគ្រោះបានធ្វើដំណើរទៅផ្ទះខាងស្រីតាមបណ្តោយផ្លូវជាតិលេខ៤ដូចសព្វដង តែអកុសលជួបហេតុការណ៍នេះតែម្តង ធ្វើឲ្យខ្លួនដែលជាសង្សារមានការសោកស្តាយយ៉ាងខ្លាំង។
ក្រោយពេលកើត ហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងទាក់ទងជំនាញចរាចរណ៍ខណ្ឌ មកយកម៉ូតូទៅរក្សារទុកដោយរថយន្ដរត់បាត់។ ចំណែកសាកសពត្រូវបានរថយន្ដដឹកសពដឹកយកទៅតម្កល់នៅវត្ដទឹកថ្លា រង់ចាំស្វែងរកក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់