ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ធ្វើសកម្មភាពលួចខ្សែភ្លើង និងសម្ភារអគ្គិសនី នៅឃ្លាំងក្រុមហ៊ុនអានកូ ត្រូវសមត្ថកិច្ចវាយខ្នោះ

កណ្ដាល: នៅវេលាម៉ោង០៤ និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីលួច (ខ្សែភ្លើង និងសម្ភារអគ្គិសនី) នៅចំណុចឃ្លាំងក្រុមហ៊ុនអានកូ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ គង់ សាល ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកអគ្គិសនី ស្នាក់នៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ សែត សុភ័ណ្ឌ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករលក់ដូរ រស់នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ កូនកន្ត្រៃដងជ័រពណ៌ ទឹកក្រូច មានប្រវែង១៧,៥សង់ទីម៉ែត្រចំនួន០១។

ដំណើររឿង៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ មុខសញ្ញាជនសង្ស័យឈ្មោះ សែត សុភ័ណ្ឌ បានចូល ទៅធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើង និងសម្ភារ:អគ្គិសនីរបស់ក្រុមហ៊ុនអានកូ (ឆែកមើលតាមកាមេរ៉ា) នៅវេលាម៉ោង១៥ និង៥០នាទី ដោយបានលួចយកខ្សែភ្លើងទំហំ១×៦ស.ម អស់ប្រវែង៨០០ម៉ែត្រ និងសម្ភារ:អគ្គិសនីមួយចំនួនទៅបាត់ ។

លុះនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង០៤ និង១៥នាទី ជនសង្ស័យខាងលើ បានចូលមកឃ្លាំងសម្ភារ:អគ្គិសនីរបស់ក្រុមហ៊ុនម្ដងទៀត តែត្រូវសន្តិសុខក្រុមហ៊ុន ឃើញទាន់ក៏ព័ទ្ធចាប់ខ្លួន បានក្នុងពេលនោះតែម្ដង រួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តទៅតាមនីតិវិធី៕

មតិយោបល់