ព័ត៌មានជាតិ

ក្រុមអ្នកញៀនល្បែងជល់មាន់ និងញៀនថ្នាំ២នាក់ ត្រូវព្រះរាជអាជ្ញារង កុល បុន ដោះលែងវិញ

ភ្នំពេញៈ បើយោងតាម មន្ត្រីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រុមជនសង្ស័យ ២នាក់ ដែលពាក់ព័ន្ធ បទល្មើសជល់មាន់ នៅខណ្ឌសែនសុខ និងជាអ្នកប្រើប្រាស់គ្រឿងញៀនផងនោះ ត្រូវបាន លោក កុល បុន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងអស់ហើយ។

សមត្ថកិច្ចថា ការដោះលែងនេះ ត្រូវបានធ្វើឡើងក្រោមរូបភាពជម្រះផ្ទាល់ ដោយតម្រូវឲ្យក្រុមជនសង្ស័យ វិញត្រឡប់មករក រង្វង់ក្រចកសេះវិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ខាងមុខ។

តើជនសង្ស័យមកតាមការកំណត់ ឬទេ? សមត្ថកិច្ចអះអាងថា ជនសង្ស័យបានទៅផ្ទះហើយ មិនដែលបកក្រោយមកឲ្យកាត់ទោសវិញនោះទេ ពោលគឺមានតែកាត់ទោសខ្យល់តែប៉ុណ្ណោះ ព្រោះទម្រាំបានទៅផ្ទះវិញ មានអ្នករត់ការច្រើនណាស់ និងត្រូវចំណាយ សន្លឹកឆ្នោត របស់សហរដ្ឋអាមេរិក ក៏ច្រើនដែរ។

សូមជម្រាបជូនថា ជនសង្ស័យ៣នាក់ (ម្នាក់ នគរបាលដោះលែងវិញនៅអធិការខណ្ឌ) ទី១ឈ្មោះ មាស វាទី ហៅធី,ទី២ឈ្មោះ ម៉ក់ ផនដារ៉ា ហៅ រ៉ា និងទី៣ឈ្មោះ ផេត រ៉ា ហៅរ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចវង់ល្បែងជល់មាន់ មានទីតាំងនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថា ក្រុមជនសង្ស័យ ទាំង៣នាក់ខាងលើ មាន២នាក់ ផ្ទុកសារធាតុញៀនក្នុងខ្លួន និងម្នាក់ទៀតគ្មានផ្ទុកសារធាតុញៀន៕

មតិយោបល់