ព័ត៌មានជាតិ

កុមារីម្នាក់ រអិលជើងធ្លាក់ពីលើផ្ទះរបួសធ្ងន់ ខណៈបញ្ជូនទៅសង្រ្គោះ បានដាច់ខ្យល់ស្លាប់ នៅពាក់កណ្តាលផ្លូវ

កំពង់ឆ្នាំង: នៅថ្ងៃសុក្រ ០៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥ និង ២០នាទីទៀបភ្លឺ មានករណីក្មេងស្រីម្នាក់ រអិលជើងធ្លាក់ពីលើផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ខណ:បញ្ជូនទៅសង្រ្គោះ នៅមណ្ឌលសុខភាពបានដាច់ខ្យល់ស្លាប់ ស្ថិតនៅក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ករណីខាងលើនេះ មានកុមារីរងគ្រោះម្នាក់ឈ្មោះ នៅ ស្រីនុត ភេទស្រី អាយុ០៩ឆ្នាំ ឪពុកឈ្មោះ វ៉ន នោ និងម្ដាយឈ្មោះបោង ស្រីលាក់ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ បានដើរឆ្លងពីផ្ទះរបស់ខ្លួនទៅផ្ទះរបស់ឈ្មោះ ណាង ឃាន់ (ប្ដី-ប្រពន្ធ) នៅភូមិ-ឃុំខាងលើ បណ្ដាលឲ្យរអិលជើងធ្លាក់មកដី បណ្តាលឲ្យមានរបួសជាទម្ងន់ ត្រូវបានឪពុកម្ដាយដឹកយកមកសង្គ្រោះ នៅមណ្ឌលសុខភាព ឃុំស្វាយរំពារ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បណ្ដាលឲ្យស្លាប់ បាត់បង់ជីវិតនៅពាក់កណ្ដាលផ្លូវ សពត្រូវបានដឹកត្រឡប់មកផ្ទះរបស់ខ្លួនវិញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពក្មេងស្រីរងគ្រោះខាងលើ ។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចហើយ សមត្ថកិច្បញ្ជាក់ថា សពក្មេងស្រីនេះ ពិតជាស្លាប់ដោយសាររអិលជើងធ្លាក់ពីលើផ្ទះប្រាកដមែន ទើបប្រគល់ជូនឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់