ជប៉ុនៈ នាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ បានឈ្នះការបោះឆ្នោត ជ្រើសតាំងជាមេដឹកនាំគណបក្ស ប្រជាធិបតេយ្យសេរីសាជាថ្មី ខណៈវានឹងបើកផ្លូវឲ្យលោក អាចកាន់តំណែងនាយករដ្ឋមន្រ្តីដ៏យូរបំផុតរបស់ប្រទេសជប៉ុន និងសម្រេចក្តីសុបិនរបស់លោក ក្នុងការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
មេដឹកនាំវ័យ ៦៣ ឆ្នាំរូបនេះ បានយកឈ្នះគូប្រជែងខ្លួនតែម្នាក់គត់ គឺលោក Shigeru Ishiba អតីតរដ្ឋមន្រ្តីការពារជាតិ ជាមួយនឹងសំទ្បេងគាំទ្រចំនួន ៥៥៣ ស្មើនឹង៧០ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោត ក្នុងបក្សចំនួន៨០៧រូប។
នៅក្នុងសុន្ទរកថាអបអរជ័យជម្នះរបស់ខ្លួន លោក អាបេ បាននិយាយថា វាដល់ពេលវេលាហើយ ក្នុងការដោះស្រាយការកែប្រែរដ្ឋធម្មនុញ្ញ ក្នុងប្រទេស ហើយយើងនឹងធ្វើការរួមគ្នា ដើម្បីបង្កើតរដ្ឋមួយថ្មី នាពេលខាងមុខ។
ដោយលោកបានអះអាងពីតាំងចិត្ត ដើម្បីប្រើអាណត្តិចុងក្រោយរបស់ខ្លួន ឆ្ពោះទៅរកគោលដៅ ដែលអាចឲ្យធានាបាននូវសុខសន្តិភាពក្នុងប្រទេស៕
មតិយោបល់