ព័ត៌មានជាតិ

Update: ចោរកាច់សោរកម៉ូតូម្នាក់ត្រូវចាប់ខ្លួន និងម្នាក់ទៀតរត់រួច

ភ្នំពេញ: ជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿងចេញទៅធ្វើសកម្មភាពកាច់សោរកម៉ូតូស៊េរីទំនើប១គ្រឿងទៀត ដែលម្ចាស់គេចតទុកនៅមុខផ្ទះជួលមួយកន្លែង ប៉ុន្តែមិនបានសម្រេចនោះឡើយ ដោយសារតែម្ចាស់គេឃើញទាន់ ស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ខ្លួនបានម្នាក់ និងរត់រួចម្នាក់ ក្នុងពេលដែលជនសង្ស័យទាំងនោះផ្ដួលម៉ូតូចោលក្នុងទឹកហើយរត់គេចខ្លួន។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខបន្ទប់លេខ២ផ្ទះជួល ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើនោះឈ្មោះ ចាន់ ដា អាយុ២២ឆ្នាំ រស់នៅក្នុងអង្ការមិត្តសម្លាញ់ នៅម្ដុំវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ហើយកម្លាំងសមត្ថកិច្ចបានដកហូតបានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល1T-0344 ដែលពួកគេជិះធ្វើសកម្មភាព។

ដោយឡែកម៉ូតូដែលពួកគេធ្វើសកម្មភាពកាច់សោរកមិនបានសម្រេចនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CR-2772 ជាកម្មសិទ្ធិរបស់ បុរសម្នាក់ឈ្មោះ ហាស់ នឿន មុខរបរលក់ពងទាកូន ស្នាក់នៅក្នុងបន្ទប់លេខ២ផ្ទះជួលខាងលើ។

ក្រោយពេលចាប់ខ្លួន នគរបាលបាននាំជននោះទៅសាកសួរនៅប៉ុស្ដិ៍សំរោងក្រោម និងតាមស្រាវជ្រាវបក្ខពួកដែលកំពុងរត់គេចខ្លួននោះទៀត៕

មតិយោបល់