ព័ត៌មានជាតិ

សង្ស័យតៃកុងរថយន្តក្រុមហ៊ុនកូកាកូឡា ស្រវឹងស្រា បុករបាំងពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបាក់ បណ្ដាលឲ្យមនុស្សរងរបួស

ភ្នំពេញ: រថយន្តកូរ៉េឃ្លប់របស់ក្រុមហ៊ុនកូកាកូឡាមួយគ្រឿង បោះពួយល្បឿនលឿន ជ្រុលទៅបុកក្បាលនាគទ្រូងផ្លូវ បាក់ប៉ើងអស់២ផ្ទាំង និងបាក់រលំបង្គោលភ្លើងបំភ្លឺផ្លូវ អស់មួយដើម ចំណែកអ្នកបើកបររងរបួសធ្ងន់ កាលពីវេលាម៉ោង ៣និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខច្រកចូលព្រលានវីអាយភី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា របាំងពុះចែកទ្រូងផ្លូវចំណុចខាងលើ ឧស្សាហ៍ផ្លាស់ប្តូរដាក់ថ្មី ច្រើនលើកច្រើនសារហើយ ដោយសាររថយន្តម៉ូតូ បើកបុក នោះបុក បុកមិនស្វាង មិនដឹងថា អ្នកបើកបរធ្វេសប្រហែស ឬមកពីបច្ចេកទេសផ្លូវនោះទេ ជួបរឿងបុក មិនស្វាងរហូតបែបនេះ ។

តាមពលរដ្ឋលើកឡើងថា ឧស្សាហ៍រថយន្តជួបបញ្ហា បើកបុកក្បាលនាគ មុខព្រលានរាប់លែងអស់ហើយ មកដល់ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ មានរថយន្តកូរ៉េ ម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ របស់ក្រុមហ៊ុនកូកាកូឡា បើកបរពីលិចទៅកើត បើកបុកប៉ើងបាក់២ផ្ទាំងទៀតហើយ ដោយរថយន្តបង្កខ្ទេចផ្នែកខាងមុខ អ្នកបើកបរ របួសធ្ងន់ធ្ងរ សន្លប់ឈឹង ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការក្រុងភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់