ព័ត៌មានជាតិ

ស្ត្រីម្នាក់ចាញ់បោកក្រុមទម្លាក់យោង អស់កងដៃ ខ្សែ.ក លុយ និងទូរស័ព្ទ

ភ្នំពេញៈ ស្រ្តីម្នាក់ បានចាញ់បោកក្រុមទម្លាក់យោង ប្រើល្បិចធ្វើជាជ្រុះកញ្ចប់មាស ហើយនាំទៅដោះបូត យកគ្រឿងអលង្ការអស់ពីខ្លួនរលីង កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែ ខាងជើងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះឈ្មោះ អេន ពៅ អាយុ ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល រួមជាមួយប្តី ជាមេការហាង នៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិគុស ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
សម្ភារបាត់បង់រួមមាន៖ កងដៃចំនួន១៨កង ខ្សែ.កប្លាទីន២ជី ទូរស័ព្ទដៃមួយគ្រឿង លុយ១ម៉ឺនរៀល បន្សល់ទុកឲ្យវិញ ខ្សែ.កក្រឡៃមួយខ្សែ ទុកកាន់យកទៅប្តឹងប៉ូលិស។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលគាត់ដើរចេញពីបន្ទប់ជួល ឆ្ពោះទៅធ្វើការរោងចក្រ ក្បែរនោះ ត្រូវបានស្រ្តីសង្ស័យម្នាក់ ដើរមកសួរ ថាមានរើសបានកញ្ចប់ថង់មាសអត់ ព្រោះគេជ្រុះបាត់ នាងមិនទាន់តែឆ្លើងផង ស្រាប់តែមានស្រ្តីម្នាក់ និងបុរសម្នាក់ ជិះម៉ូតូស្មាស់ មួយគ្រឿងមិនចាំស្លាកលេខ ឌុបគ្នាមកដល់ ប្រាប់ថាកុំមាត់ គេរើសបាន ទុកទៅដូរចែកគ្នា ហើយបញ្ចុះបញ្ចូល ឌុបនាង រួមដំណើរជាមួយបុរស២នាក់ទៀត សរុបជនសង្ស័យ៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ឌុបនាងចេញពីខាងក្រោយផ្សារកាណាស៊ីធី កាត់តាមផ្លូវភូមិព្រៃល្វា ឆ្ពោះទៅវាលស្រែ ខាងជើងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ទើបឈប់ ស្រ្តីសង្ស័យលាត បង្ហាញកញ្ចប់ ថង់ឲ្យមើល ឃើញលោហៈក្រហមច្រាល ហុចឲ្យកាន់ រួចចាប់ទាញដៃ ច្បូតយកកង់ដៃអស់១៨កង ដោះយកខ្សែក ឆក់យកទូរស័ព្ទ និងលុយ ហើយឡើងជិះម៉ូតូ គេចចេញភ្លាម មើលក្នុងថង់ ឃើញដឹងថាគ្រឿងក្រឡៃ បោះគ្រវ៉ាត់ចោលទៅក្នុងទឹកស្រែ ទ្រហោយំ ដើរទៅក្នុងភូមិ ប្រាប់អ្នកភូមិឲ្យជួយ ខណៈក្រុមជនសង្ស័យគេចបាត់ទៅអស់ នៅពេលនោះ បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ ក៏បាននាំទៅចុះរាវរកកញ្ចប់ថង់ក្រទ្បៃ មកទុកគ្រាន់កាន់យកទៅប្តឹងប៉ូលិស ។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវបានប្រជាពលរដ្ឋ ជួយឌុបជូនទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

មតិយោបល់