ភ្នំពេញៈ អនុវត្តតាមដីកាបង្គាប់របស់តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ អតីតឧត្តមសេនីយ៍ ឧកញ៉ា ហូរ ចំរើន ត្រូវបានមន្ត្រីគុកព្រៃស បញ្ជូនខ្លួនតាមរថយន្តសេរីទំនើប ម៉ាក Lexus 330 ដោយមានអមដោយ រថយន្តសឺរ៉ែន របស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចំនួន ២គ្រឿង និងអង្គរក្សផ្ទាល់របស់ជនត្រូវចោទរាប់សិបនាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរចម្លើយ។
ខណៈនេះ មន្ត្រីពន្ធនាគារព្រៃ ស ដែលត្រូវចាត់តាំង ឲ្យនាំខ្លួន អតីត ឧកញ៉ា ហូរ ចំរើន ទៅកាន់តុលាការ និងកងអង្គរក្សផ្ទាល់ខ្លួន របស់ជនត្រូវចោទជាច្រើននាក់ ស្លៀកពាក់ស៊ីវិល កាន់វិទ្យុទាក់ទងគ្រប់ដៃ កំពុងអង្គុយរងចាំ និងការពារសុវត្ថិភាព លោក ហូរ ចំរើន នៅជាន់ទី២ នៃអគារសាលាដំបូងរាជធានីភ្នំពេញ។
ក្រៅពីកងអង្គរក្សផ្ទាល់ខ្លួនជាច្រើននាក់ ការពារនៅមុខបន្ទប់តុលាការ ក៏មានកងអង្គរក្ស ស្លៀកពាក់ ស៊ីវិល ប្រដាប់ដោយ វិទ្យុទាក់ទងគ្រប់ដៃ ប្រមាណជាជាង១០នាក់ នៅរងចាំការពារ លោក ហូរ ចំរើន នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញផងដែរ។
មន្ត្រីកងអង្គរក្សផ្ទាល់ខ្លូន របស់លោក ហូរ ចំរើន បានទិញកាហ្វេ អាម៉ាហ្សូន ជាច្រើនកេស ជញ្ជូនចូលទៅចែកចាយ ជូនមន្ត្រីគុកព្រៃស ដើម្បី លេង ខណៈលោក ហូរ ចំរើន កំពុងត្រូវបានតុលាការសាកសួរ។
មិនមានមន្ត្រីគុក ព្រៃស ណាម្នាក់ហ៊ានបង្ហើប ព័ត៌មាន ដល់អ្នកកាសែត នោះទេ ដោយពួកគាត់បានត្រឹម និយាយថា ជាបទបញ្ជាថ្នាក់លើ ឲ្យលាក់ ឲ្យជិត។
សូមជម្រាបជូនថា អតីត ឧត្តមសេនីយ៍ ឧកញ៉ា ហូរ ចំរើន ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចចេញដីកា បង្គាប់ឲ្យជាប់គុក កាលរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមបទចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ យោងតាមមាត្រា ២៣៣នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ សំណុំរឿង បាញ់បោះសេរី បំភ័យ ប៉ាៗក្មេក ជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ឈ្មោះ យិន គា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅចំណុច ផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អតីតឧត្តមសេនីយ៍ ឧកញ៉ា ហូរ ចំរើន ត្រូវបាននគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។
ទោះជាយ៉ាងណា ក្រោយពេលអតីត ឧត្តមសេនីយ៍ ឧកញ៉ា ហូរ ចំរើន ជាប់គុក ក៏មានលេចធ្លាយដំណឹង ពាក់ព័ន្ធសំណុំរឿង ឆបោក ប្រាក់ រាប់រយលានដុល្លារ ដែលមានដើមបណ្តឹងភាគច្រើនជាជនបរទេសផងដែរ៕
មតិយោបល់