ព័ត៌មានជាតិ

ថៃបញ្ជូនសពពលករខ្មែរចំនួន៣នាក់មកកម្ពុជាវិញ

បាត់ដំបង: សពពលករខ្មែរចំនួន៣នាក់ ដែលក្នុងនោះពីរនាក់ស្លាប់ដោយសារករណី គ្រោះថ្នាក់ចរាចរណ៍ និងម្នាក់ទៀតស្លាប់ដោយជំងឺខ្យល់គ នៅឯប្រទេសថៃ ត្រូវបានភាគីថៃបញ្ជូនមកកម្ពុជាវិញហើយតាមច្រកអន្តរជាតិដូង ក្នុងទឹកដីស្រុកកម្រៀង ខេត្តបាត់ដំបង ដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។

យោងតាមប្រភពពីជាយដែនកម្ពុជា ថៃបានឲ្យដឹងថា នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរថៃ បានបញ្ជូនសពជនរងគ្រោះដែលជាពលករបំរើការនៅក្នុងប្រទេសថៃ ត្រឡប់មកកម្ពុជាវិញតាមច្រកអន្តរជាតិដូង ដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យ ។

គួរបញ្ជាក់ដែរថា សពពលករចំនួនពីរនាក់ បានស្លាប់កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចប៉ែតលីវ ប្រទេសថៃដោយគ្រោះថ្នាក់ចរាចរណ៍ គឺរថយន្តបុកជាមួយនិងរថយន្ត ហើយជនរងគ្រោះទាំងពីរនាក់នេះមានឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាកម្មករ និងឈ្មោះ នឿង ថន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករទាំងពីរនាក់ រស់នៅភូមិ ចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ និងសពជនរងគ្រោះម្នាក់ទៀត មានឈ្មោះ ឡុង រិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បានស្លាប់កាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៦ នៅខេត្តឈុនបុរី ប្រទេសថៃ ដោយជំងឺខ្យល់គ។

បច្ចុប្បន្នសពពលករទាំង០៣នាក់ត្រូវបានបងប្អូនមកទទួលយកទៅធ្វើបុណ្យនៅមូលដ្ឋានតាមប្រពៃណីហើយ៕

មតិយោបល់