ព័ត៌មានជាតិ

គួរឲ្យអាណិតណាស់ សិស្សស្រីម្នាក់ត្រូវម៉ូតូបុកបាក់ជើង ខណៈកំពុងជិះកង់ឆ្លងផ្លូវពេលចេញពីរៀន

ព្រៃវែង: សិស្សស្រីម្នាក់ ត្រូវម៉ូតូបើកបុកបណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេង ខណ:កំពុងជិះកង់ឆ្លងផ្លូវ ពេលធ្វើដំណើរចេញពីសាលារៀន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងកង់ និងម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង១០រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិស្វាយពេល ឃុំរកា ស្រុកពារាំង ខេត្ត ព្រៃវែង នៅលើផ្លូវជាតិលេខ ៨។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូមានគ្នា ០២នាក់ ដែលអ្នកបើកឈ្មោះ ស្រូយ វុទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ស៊ឹម គឹមហ័រ ភេទប្រុស អាយុ ១៦ឆ្នាំ។ ចំណែកជនរងគ្រោះជិះកង់នោះ ឈ្មោះ ឈៀ បុប្ផា ភេទស្រី អាយុ ១៣ឆ្នាំ។

សមត្ថកិច្ចបន្តទៀតថា កាលពីវេលាម៉ោង កើតហេតុខាងលើ ម៉ូតូសង់សេ ១២៥ គ្មានស្លាកលេខ បានបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកអ្នកជិះកង់ ដែលកំពុងជិះឆ្លងផ្លូវតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុកពារាំង ដឹកទៅព្យាបាល ចំណែកវត្ថុតាង មានម៉ូតូ និងកង់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកពារាំង ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់