ព័ត៌មានជាតិ

ស្រ្តីម្នាក់ទុកកាបូបលុយជាង៣ពាន់ដុល្លារ នៅក្នុងតូបលក់ដូរមុខផ្ទះ ត្រូវជនសង្ស័យលួចយកទៅបាត់

ភ្នំពេញ: ស្ត្រីម្នាក់រវល់ជូនកូនទៅផ្ទះ ដោយទុកការបូបលុយក្នុងតូបនៅខាងមុខ ស្រាប់តែជនសង្ស័យម្នាក់ ចូលមកលួចយកការបូបរួចគេចខ្លួនបាត់ ដោយសុវត្តិភាព សរុបជាទឹកប្រាក់ជាង៣ពាន់ដុល្លារ កាលពីវេលាម៉ោង ៩និង៥៥នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ ២០២០ នៅក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ លី ស្រីនាង អាយុ៣១ឆ្នាំ មានទីលំនៅភូមិកើតហេតុ នៅក្នុងកាបូបរួមមានលុយជាង៣ពាន់ដុល្លារ កាតទូរស័ព្ទនិង អត្តសញ្ញាណប័ណ្ណ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា លុយដែលបាត់នោះ គាត់ទុកសម្រាប់បង់ធនាគារ នៅមុនពេលកើតហេតុល្ងាចថ្ងៃទី៧ ខែឆ្នាំដដែល រូបគាត់បានទៅកម្មវិធីបង្គលការគេ ដោយសារតែមិនមានអ្នកនៅផ្ទះ ទើបគាត់ដាក់លុយទៅតាមខ្លួន បន្ទាប់ពីមកវិញគាត់មិនទាន់យកលុយចេញពីការបូបនៅឡើយទេ ។

ជនរងគ្រោះបានបន្តថា លុះមកដល់វេលាកើតហេតុ​ រូបគាត់បានទុកការបូបក្នុងតូបលក់ដូរចាបហួយនៅខាងមុខ បន្ទាប់មកក៏បានជូនកូនតូចទៅផ្ទះខាងក្រោយ លុះមួយសន្ទុះក្រោយមកគាត់ក៏បានមកវិញ ពេលមកដល់តូបក៏មិនឃើញការបូបលុយទើបមានការភ្ញាក់ផ្អើល រួចក៏ឆែកមើលកាមេរ៉ាសុវត្តិភាព ឃើញមានជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០១៥ មកដើរចូលលួចយកការបូប រួចគេចខ្លួនបាត់ដោយសុវត្តិភាព។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីសុំឲ្យសមត្ថកិច្ចតាមស្រាវជ្រាវតាមចាប់ជនសង្ស័យមកដាក់ទោសតាមច្បាប់៕

មតិយោបល់