ព័ត៌មានជាតិ

ផឹកទឹកត្នោតជូរជាមួយគ្នាសោះ ទាស់ពាក្យសម្តីគ្នាផ្ទុះហិង្សា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ថូ លីហួរ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ (រងរបួសរយះក្បាលចំហៀងខាងឆ្វេង និងហើមចង្កេះខាងឆ្វេង)។

ជមសង្ស័យមានឈ្មោះ ខុម សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។ វត្ថុតាងចាប់យក៖ ដំបងឈើមូលចំនួន១ ប្រវែង៥៣សង់ទីម៉ែត្រ។

មុនពេលកើតហេតុ ជនរងគ្រោះ និងជនល្មើសព្រមទាំងមិត្តភក្តិ២នាក់ទៀត បានផឹកទឹកត្នោតជូរជាមួយគ្នា លុះដល់វេលាកើតហេតុខាងលើ ក៏មានទំនាស់ពាក្យសម្ដីគ្នា។ ភ្លាមនោះជនល្មើសក៏បានស្ទុះទៅយកដំបងឈើមូលនៅក្បែរនោះវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសរយះក្បាលនិងហើមចង្កេះខាងឆ្វេង ត្រូវបានបងប្អូនដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជម្នះ។ ចំណែកឯជនល្មើសត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់