ភ្នំពេញៈ សាកសពយុវជនម្នាក់ ប្រទះឃើញដេកស្លាប់ក្បែររបងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ មានស្នាមខ្លោច ដោយសារឆក់ខ្សែភ្លើងនោះ ត្រូវបានសមត្ថកិច្ច ជំនាញស្រាវជ្រាវ រកឃើញមូលហេតុពិត និងស្គាល់អត្តសញ្ញាណហើយ នៅរសៀលថ្ងៃទី២៤ ខែកញ្ញានេះ ។
សាកសពមានឈ្មោះ អួង សុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ សព្វថ្ងៃស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិចាក់ខ្លាញ់ ឃុំពាមរក៏ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ហើយមូលហេតុ ដែលបង្កឲ្យយុវជនខាងលើស្លាប់ ផ្តើមចេញពីតរាយខ្សែភ្លើងឆក់ត្រី ។
សមត្ថកិច្ចក្រោយស្រាវជ្រាវ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា នេះហៅមនុស្ស៣នាក់ មកសាកសួរ ទើបដឹងរឿងពិត កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ រួមជាមួយមិត្តភក្តិ៣នាក់ទៀត សរុបគ្នា៤នាក់ តរាយខ្សែភ្លើង ទៅឆក់ត្រី ហើយជនរងគ្រោះជាអ្នក ឈរស្រាវទាញខ្សែភ្លើង ទាញប៉ះចំមុខតំណ បែជាឆក់ស្លាប់ មិត្តភក្តិ៣នាក់ទៀត ជួយមិនទាន់ផង ដោយភ័យពេក មិនហ៊ានប្រាប់អ្នកណាឲ្យដឹង នាំគ្នាសែង សពជនរងគ្រោះ លើកដាក់ក្បែរកៀនរបង រួចនាំគ្នាទៅដេកផ្ទះរៀងខ្លួន លុះដល់ព្រឹកឡើង ទើបពលរដ្ឋ កម្មករសំណង់ ភ្ញាក់ផ្អើល ដោយប្រទះឃើញសាកសព ក្បែររបងផ្ទះ ។
ក្រោយពីរកមូលហេតុពិត នៃការស្លាប់ របស់យុវជនខាងលើ និងស្គាល់អត្តសញ្ញា ហើយសមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិ ដើម្បីមកទទួល ដឹកសពយកទៅធ្វើបុណ្យ ៕
មតិយោបល់