ព័ត៌មានជាតិ

រថយន្តបាញ់បេតុងបុកជាមួយម៉ូតូ ចំណុចផ្លូវបំបែកជាបួនរបួសធ្ងន់ ២នាក់ បញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបាញ់បេតុងធុនធំ បានបុកជាមួយម៉ូតូនៅចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យភាគីខាងម៉ូតូពីរនាក់ប្រុសស្រីរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូមួយគ្រឿងម៉ាក AIR BLADE ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1I-1533 ដែលធ្វើដំណើរមានប្រុសស្រីពីរនាក់ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តបាញ់បេតុងមួយគ្រឿងមិនមានស្លាកលេខធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យជ្រុលបុកជាមួយគ្នា និងមានមនុស្សរងរបួសបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅភ្នែកជំនាញ ចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់