កំពង់ស្ពឺៈ រថយន្តដឹកកម្មករមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍បែកកង់ក្រឡាប់ បណ្ដាលឲ្យកម្មករជាច្រើននាក់រងរបួសធ្ងន់ និងស្រាល ដោយហេតុការណ៍នេះបានកើឡើងកាលពីម៉ោង៦និង២០នាទី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើផ្លូវលេខ44 គីឡូម៉ែត្រលេខ20-21 ចំណុចភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មេបញ្ជាការមូលដ្ឋានស្រុកសំរោងទង លោក វិន លេងហួង បានប្រាប់ Post News ឲ្យដឹងថា រថយន្តដឹកកម្មករដែលក្រឡាប់នោះ ម៉ាកហ៊ីយ៉ិនដាយ(តូរីស) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F-7474 អ្នកបើកបរឈ្មោះ ជួន ហឿន ភេទប្រុស អាយុ៥៣ឆ្នាំ (របួសស្រាល) រស់នៅភូមិតាំងរបង ឃុំហោសំណម ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដឹកកម្មកររោងចក្រចំនួន២៨នាក់ អ្នកដែលរងរបួសធ្ងន់ និងស្រាលរួមមាន ៖
១-ឈ្មោះ យឹម ធីតា ភេទស្រី អាយុ២២ឆ្នាំ (របួសស្រាល)។ ២-ឈ្មោះ ផាន់ សុភា ភេទស្រី អាយុ២៤ឆ្នាំ (របួសស្រាល) អ្នកទាំងពីររស់នៅ ភូមិក្រាំង ឃុំហោសំណម ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ៣-ឈ្មោះ មៀច ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ(របួសស្រាល)។ ៤-ឈ្មោះ ផន ផល ភេទស្រី អាយុ២២ឆ្នាំ (របួសធ្ងន់) អ្នកទាំងពីររស់នៅភូមិ ដីឆ្នាំង ឃុំហោសំណម ស្រុកឱរ៉ាល់។ ៥-ឈ្មោះ ជូ ចន្ថា ភេទស្រី អាយុ២៣ឆ្នាំ (របួសធ្ងន់)។ ៦-ឈ្មោះ សែម ស្រីតូច ភេទស្រីអាយុ១៩ឆ្នាំ (របួសស្រាល) ។ ៧-ឈ្មោះ ឃុន ចាន់ធីម ភេទស្រី អាយុ២៨ឆ្នាំ (របួសស្រាល) អ្នកទាំងបីរស់នៅ ភូមិតាំងរបង ឃុំហោសំណម ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ៨-ឈ្មោះ នីម ងឺន ភេទស្រី អាយុ១៩ឆ្នាំ (របួសស្រាល)រស់នៅភូមិក្រាំងតាវ៉ាវ ឃុំហោសំណប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកបានបន្តថា រថយន្តខាងលើបានធ្វើដំណើរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចកើតហេតុបានបែកកង់រថយន្តខាង ក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យរថយន្តក្រឡាប់តែម្ដង។ អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ក្រោយកើតហេតុរថយន្តដឹកកម្មរដែលក្រឡាប់នោះ ត្រូវសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង៕
មតិយោបល់