រតនគិរីៈ យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹង នៅថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ម្ហូបអាហារ នៅផ្សារអូរយ៉ាដាវ និងផ្សារបរកែវខេត្តរតនគិរីគោលដៅសំខាន់ នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។
លទ្ធផលមន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ ចំនួន ២១.៦៩ គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់