ព័ត៌មានជាតិ

ជាងសិប្បកម្មម្នាក់ កំពុងជិះកង់ហាត់ប្រាណ ត្រូវរថយន្តដឹកផ្សិតប៉ក់ ម៉ាកសាំយ៉ុងបុក បណ្តាលឲ្យរងរបួសធ្ងន់

ឧត្តរមានជ័យ: នៅវេលាម៉ោ៥និង១៥នាទីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត១គ្រឿង បើកបុកកង់អ្នកជិះហាត់ប្រាណ ដែលមាន ទិសដៅស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក សាំយ៉ុងពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ ២AT:៦១៧៨ ដឹកផ្សិតប៉ក់ អ្នកបើកបរបានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។ ជនរងគ្រោះ ជិះកង់ហាត់ប្រាណឈ្មោះ ភឹម សុខ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះកង់ហាត់ប្រាណ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តសាំយ៉ុងមួយគ្រឿង បើកនៅខាងក្រោយ ក៏ជ្រុលទៅបុកកង់ជនរងគ្រោះ បណ្ដាលឲ្យដួលរងរបួសធ្ងន់ បានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។

ចំណែកវត្ថុតាងបានយកទៅរក្សាទុក នៅអធិការនគរបាលស្រុកអន្លង់វែង ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់