ព័ត៌មានជាតិ

បើកការដ្ឋានស្ថាបនា និងដាក់លូផ្លូវ៧៧BT តាមការស្នើសុំពីប្រជាពលរដ្ឋ

ភ្នំពេញៈ កំណាត់ផ្លូវ៧៧BT មានប្រវែងជិត៣គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចបើកការដ្ឋានស្ថាបនានៅព្រឹកថ្ងៃទី៣០ មិថុនា រួមនិងការដាក់លូតាមបណ្តោយផ្លូវនេះផងដែរ ដែលការស្ថាបនាផ្លូវ និងការដាក់លូស្របពេលជាមួយគ្នានេះ ធ្វើឡើងទៅតាមការស្នើសុំយ៉ាងទទូចពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមបណ្តោយផ្លូវនេះ។

ពីធីបើកការដ្ឋានធ្វើផ្លូវលូខាងលើនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មន្ត្រីក្រោមឱវាទនិងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា កំណាត់ផ្លូវ៧៧BT ដែលនឹងត្រូវស្ថាបនាឡើងនេះ ជាប្រភេទផ្លូវបេតុងមានប្រវែង២៧៥០ម៉ែត្រកម្រាស់២តឹក និងមានទទឹង៧ម៉ែត្រ ដោយចាប់ពីផ្លូវ២៧១ ដល់ផ្លូវ៣៧១ ស្ថិតក្នុងខណ្ឌ មានជ័យ។ ជាមួយនឹងការស្ថាបនាផ្លូវនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់លូទំហំ១ម៉ែត្រតាមបណ្តោយផ្លូវនេះផងដែរ។

លោក សាំ ពិសិដ្ឋ បានបន្តទៀតថា កំណាត់ផ្លូវ៧៧BT ជាផ្លូវមានសារៈសំខាន់ក្នុងការដោះស្រាយចរាចរពីផ្លូវ២៧១ ភ្ជាប់ទៅផ្លូវលេខ៣៧១ ដោយឆ្លងកាត់តាមក្លោងទ្វារវត្តពោធិញាណ បម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋរស់នៅតំបន់បឹងទំពុន ភូមិចំរើនផល និងភូមិត្នោតជ្រុំ រួមនិងប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញនេះ។

លោក សាំ ពិសិដ្ឋ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ការបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវ៧៧BTនេះ រដ្ឋបាលរាជធានីភ្នំពេញធ្វើឡើងទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋមកសាលាសង្កាត់ និងសាលាខណ្ឌមានជ័យ តាមបណ្តាញព័ត៌មាន និងប្រព័ន្ធសង្គមហ្វេសបុក។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា យើងពិតជាពិបាកណាស់ក្នុងការរកលុយមកធ្វើការស្ថាបនាផ្លូវ លូឬហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ ដូច្នេះទេការស្ថាបនាអ្វីមួយត្រូវការជ្រើសរើស មិនអាចធ្វើទាំងអស់ព្រមគ្នានោះទេ ដូច្នេះសុំប្រជាពលរដ្ឋមេត្តាយោគយល់។

ពាក់ព័ន្ធនឹងផលប៉ះពាល់នៃការបើកការដ្ឋានស្ថាបនាផ្លូវ លូ ខាងលើនេះលោក ប៉ា សុជាតិវង្ស បានស្នើឲ្យក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាត្រូវពង្រឹងលើគុណភាពជាងនេះទៅទៀតចំពោះការស្ថាបនាលូវិញ ត្រូវធ្វើជាកង់ៗ មានន័យថា ត្រូវស្ថាបនាម្តង១០០ម៉ែត្រ ក្រោយស្ថាបនារួចត្រូវបន្ត១០០ម៉ែត្រ មិនអាចចេះតែជីកទុកចោលបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវនេះនោះទេ។

លោក ប៉ា សុជាតិវង្ស ក៏បានបន្តថា កំណាត់ផ្លូវ៧៧BTត្រូវតែមានចិញ្ចើម ដូច្នេះទេប្រជាពលរដ្ឋត្រូវចូលរួមមិនត្រូវរំលោភយកចិញ្ចើមផ្លូវនោះទេ ដោយលោកបញ្ជាក់ផងដែរថា បើប្រជាពលរដ្ឋចូលរួមនិងទុកចិញ្វើមផ្លូវទៅតាមគម្រោងហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជាភ្លើងបំភ្លឺសាលាធារណៈជូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនេះតែម្តង៕

មតិយោបល់